សម្តេចមហារដ្ឋសភា ឃួន សុដារី បានចាត់ ឯកឧត្តម លីម ប៊ុនហុក នាំយកសារលិខិតរំលែកទុក្ខ ជូនគ្រួសារនិស្សិតដែលទទួលមរណភាព នៅអ៊ីស្រាអែល
(កណ្តាល)៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងរដ្ឋសភា បានអញ្ជើញនាំយកសារលិខិតរំលែកទុក្ខ និងថវិកា របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនក្រុមគ្រួសារនិស្សិតឈ្មោះ ចាន់ ឧត្តម ដែលជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) នៅគេហដ្ឋាន ភូមិស្វាយតាមេឃ ឃុំកោះធំ”ខ” ស្រុកកោះធំ ខេត្តកណ្តាល។
នៅក្នុងសារលិខិតរំលែកទុក្ខ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានខ្លឹមសារដូចតទៅ៖ ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចមានក្តីរំជួលចិត្តឥតឧបមានិងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលជាកូនបង្កើតរបស់លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួលមរណភាពដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅនិងបន្តការសិក្សានៅប្រទេសអុីស្រាអែល ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមចូលរួមរំលែកនូវមរណទុក្ខប្រកបដោយក្តីសង្វេតសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមួយលោក លោកស្រី និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានកំពុងបំពេញបេសកកម្មបន្តការសិក្សា ដើម្បីបង្កើនកម្រិតសមត្ថភាពយកមកបម្រើប្រទេសជាតិមាតុភូមិ ៕
ហេង សម្បត្តិ