មន្ត្រីជាន់ខ្ពស់អឺរ៉ុប៖ អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែសកម្មភាពខ្លះ ប្រឆាំងច្បាប់អន្តរជាតិ

អឺរ៉ុប៖ អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែសកម្មភាពមួយចំនួនរបស់ខ្លួន ចាប់តាំងពីការវាយលុកដែលមិនធ្លាប់មានពីមុន របស់ក្រុមហាម៉ាស់ បានប្រឆាំងច្បាប់មនុស្សធម៌អន្តរជាតិ នេះបើតាមប្រមុខការទូតកំពូលរបស់សហភាពអឺរ៉ុប លោក Josep Borrell ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុង Muscat ប្រទេសអូម៉ង់ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ លោក Borrell បាននិយាយថា រដ្ឋមន្ត្រីនានាបានថ្កោលទោសជាឯកច្ឆ័ន្ទ ចំពោះការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស់ លើអ៊ីស្រាអែល ហើយបានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំង ការការពារជនស៊ីវិល និងការគោរពច្បាប់អន្តរជាតិ ដែលចង់មានន័យថា គ្មានការស្ទះទឹក ស្បៀងអាហារ ឬអគ្គិសនីដល់ប្រជាជនស៊ីវិល នៅហ្គាហ្សា ជាដាច់ខាត។

កាលពីថ្ងៃចន្ទ សប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាស “ការឡោមព័ទ្ធទាំងស្រុង” នៃតំបន់ហ្គាហ្សា ដោយនិយាយថា លោកនឹងបញ្ឈប់លំហូរនៃការផ្គត់ផ្គង់សំខាន់ៗ ទៅកាន់តំបន់ប៉ាឡេស្ទីន។

ត្រង់ចំណុចនេះ ប្រមុខការទូតកំពូលរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា «សកម្មភាពមួយចំនួន ដែល UN ធ្លាប់បាននិយាយរួចមកហើយ ដូចជា ការកាត់ទឹក កាត់ភ្លើង កាត់អាហារដល់ប្រជាជនស៊ីវិល គឺផ្ទុយនឹងច្បាប់អន្តរជាតិ ដូច្នេះ ហើយមានសកម្មភាពមួយចំនួន របស់អ៊ីស្រាអែល ដែលមិនស្របតាមច្បាប់អន្តរជាតិទេ»។

គួររម្លឹកថា កាលពីចុងសប្តាហ៍ ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានសម្លាប់មនុស្សជាង ៩០០ នាក់ក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការជ្រៀតចូលទៅក្នុងសហគមន៍ភាគខាងត្បូង ដោយបានបាញ់សម្លាប់ហ្វូងមនុស្ស នៅក្នុងពិធីបុណ្យនៅលើវាលខ្សាច់មួយ និងបានចាប់ចំណាប់ខ្មាំង ចំនួន ១៥០ នាក់ ត្រលប់ទៅតំបន់ហ្គាហ្សាវិញ។ ជាការសងសឹកវិញ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដែលក្រុមមន្ត្រីបានរាយការណ៍ថា មនុស្ស ៩០០ នាក់បានស្លាប់ រហូតមកដល់ពេលនេះ។ កងទ័ពអ៊ីស្រាអែលបាននិយាយថា សាកសពជនសកម្មប្រយុទ្ធ ប្រហែល ១៥០០ នាក់ ត្រូវបានរកឃើញ៕

ប្រភពពី Euronews និង AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner