មន្រ្តីជាន់ខ្ពស់គ.ជ.ប៖ការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ ទទួលបានលទ្ធផលបណ្តោះ អាសន្ន ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ១២១.០៤២ នាក់ (ស្រី ៥៨.១៨០ នាក់)

ភ្នំពេញ ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២៣នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣។

ឯកឧត្តមឌុច សុន សមាជិក គជប បានមានប្ប្រសាសន៍ថា ក្នុងដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ ទទួលបានលទ្ធផលបណ្តោះ អាសន្ន ដូចខាងក្រោម៖ ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ១២១.០៤២ នាក់ (ស្រី ៥៨.១៨០ នាក់)។

អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ៨២,៩៧២ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន ១១.២៤៤ នាក់។
អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ- សង្កាត់ថ្មីសរុប មានចំនួន ២៤.៨១៨ នាក់ សរុបអ្នកមានឈ្មោះបណ្ដោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ មានចំនួន ជាង៩លាន៧សែន នាក់(ស្រីជាង៥ លាន១សែន នាក់) ស្មើនឹង ៨៩.០៣ %។

ការរៀបចំការគ្រប់គ្រង ការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវអនុវត្តដោយ អនុលោមទៅតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ  និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាដែលស្ថិតនៅជាធរមាន។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ មានរយៈពេល ១៩ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ និងបិទបញ្ចប់ទៅវិញនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយត្រូវបែងចែកពេលវេលា ដូចខាងក្រោម៖ រយៈពេល ៥ថ្ងៃដំបូង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំម២០២៣ ការិយាល័យចុះឈ្មោះបោះ ឆ្នោតត្រូវបើកដំណើរការនៅតាមសាលាឃុំ សង្កាត់នីមួយៗ រយៈពេល ៩ថ្ងៃបន្ទាប់ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ការិយា ល័យចុះឈ្មោះបោះឆ្នោតត្រូវចល័តតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់នីមួយៗ

រយៈពេល ៥ថ្ងៃចុងក្រោយ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ការិយា ល័យចុះឈ្មោះបោះឆ្នោត ត្រូវត្រលប់មកបើកបម្រើការនៅតាមសាលាឃុំ សង្កាត់វិញ ។

ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតរយៈពេល ១៩ថ្ងៃនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន ១ថ្ងៃ ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត គឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

ក្នុងអំឡុងពេលនៃការប្រព្រឹត្តទៅនៃកិច្ចដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចំនួន១០ ថ្ងៃកន្លងមកនេះ ដោយសារពេលនេះជាចុងរដូវវស្សា ហើយនៅប៉ុន្មានថ្ងៃនៃការចាប់ផ្តើមចុះឈ្មោះដំបូងមានភ្លៀងធ្លាក់ជោកជាំ ដោយនៅតាមឃុំ-សង្កាត់ មួយ ចំនួនបង្កជាទឹកជន់ ព្រមទាំងស្ថានភាពសម្ភារ បរិក្ខារ កុំព្យូទ័រ សម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោតមានសភាពចាស់នាំឱ្យមានការរអាក់រអួលខ្លះ ប៉ុន្តែ គ.ជ.ប មានវិធានការដោះស្រាយបានទាន់ពេលវេលា។

ដោយសារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រព្រឹត្ត ទៅដោយមានភ្លៀងធ្លាក់ខ្លាំងនៅតាមឃុំ -សង្កាត់មួយចំនួននៅប៉ុន្មានថ្ងៃនៃការចាប់ផ្តើមចុះឈ្មោះដំបូង និងឃុំ សង្កាត់ ខ្លះទៀតក្នុងខេត្តមួយចំនួនមានទឹកជន់ក៏ដោយ ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ ជារួមដំណើរ ការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតី និងមានភាពរលូនល្អ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner