ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុកដាក់សុខទុក្ខ ជាមួយនិវត្តន៍ជនកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តន៍ជនកាកបាទក្រហមកម្ពុជា ចំនួន ៣៨នាក់ និងគ្រួសារនិវត្តន៍ជនដែលបានទទួលមរណភាព ចំនួន ២៧នាក់ សរុបចំនួន ៦៥នាក់ អបអរទិវាមនុស្សចាស់កម្ពុជានិងអន្តរជាតិ និងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមជាច្រើននាក់ផងដែរ ។

លោកជំទាវ ពុំ ចន្ទីនី បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹងរលឹក ហើយទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែមនោសញ្ចេតនា តែងតែគិតគូរពីសុខទុក្ខរបស់លោកពូអ្នកមីងជានិច្ច។

លោកជំទាវអគ្គលេខាធិការ បន្ថែមថា កន្លងមកនិវត្តន៍ជនកាកបាទក្រហមកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាតាំងពីដើមរហូតមក ដែលអ្នកខ្លះបានបំពេញការងារមុនពេលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើជាប្រធានកាកបាទក្រហមកម្ពុជាមកម្លេះ។

សមិទ្ធផល ស្នាដៃ និងជោគជ័យ តាំងពីដើម រហូតដល់បច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាយើងទាំងអស់ ដែលបាននិងកំពុងជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ។ល។ ជាពិសេសបានរួមចំណែកធ្វើឱ្យកាកបាទក្រហមកម្ពុជា មានឈ្មោះល្បីរន្ទឺ ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner