គ ជ ប ខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

សៀមរាប៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គ ជ ប ខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលខាងមុខនោះ នៅស្នាក់ការ គ ជ ប ខេត្តសៀមរាប ដោយមានវត្តមានគណបក្សនយោបាយមួយចំនួន និងអ្នកពាក់ព័ន្ធបានចូលរួមប្រជាច្រើនាក់ផងដែរ។

លោក នឹម វ៉ាន់សំ ប្រធានលេខារដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងឱ្យការងារដំណើរការនៃការបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ខាងមុខ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាណាមួយឡើយ។

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់លេខាធិការដ្ឋានពាក់ព័ន្ធការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៃ គ.ជ.ប គណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត និង គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ឱ្យយកចិត្តទុកដាក់សហការអនុវត្តតាមគោលការណ៍ និងវិធានការនានាជាចាំបាច់។ លោក នឹម វ៉ាន់សំ បានបន្តថា ក្នុងការចាត់ចែងរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត ដែលអាចតាំងនៅបន្ទប់ដាច់ដោយឡែក ឬតាំងនៅបន្ទប់ធ្វើការរបស់អគ្គលេខាធិការរដ្ឋសភា ដើម្បីស្រងឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោតដែលជាតំណាងរាស្ត្រក្នុងដំណែងតាមគំរូបញ្ជីដែលផ្តល់ជូនដោយ គ ជ ប យើងត្រូវបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះទីតាំង ការិយាល័យបោះឆ្នោត នៅមុខទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតនៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា យ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃ មុនថ្ងៃចាប់ផ្តើមការចុះឈ្មោះបោះឆ្នោតនោះ ហើយយើងត្រូវបិទផ្សាយប្រតិទិននៃការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមុខទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា យ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃ មុនថ្ងៃចុះឈ្មោះបោះឆ្នោត។

លោក បានបញ្ជាក់ទៀតថា យើងបើកការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ (មិនគិតបញ្ចូលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្លូវការឡើយ) ។

អគ្គលេខាធិការរដ្ឋសភាត្រូវមានវត្តមាននៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេល នៃការចុះឈ្មោះបោះឆ្នោត ដើម្បីស្រង់ឈ្មោះ និងចុះឈ្មោះជូនតំណាងរាស្ត្រក្នុងតំណែង និងបំពេញទម្រង់បញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែង និងផ្ដល់ព័ត៌មានឱ្យបានគ្រប់គ្រាន់ ដល់តំណាងរាស្ត្រក្នុងតំណែងទាំងនោះ។

គួររំលឹកផងដែរថា ចំពោះអគ្គលេខាធិការរដ្ឋសភា ត្រូវស្រង់ឈ្មោះ និងទិន្នន័យតំណាងរាស្ត្រក្នុងតំណែង និងផ្ទៀងផ្ទាត់លក្ខខណ្ឌសម្រាប់ ការចុះឈ្មោះបោះឆ្នោត។

ក្នុងករណីពិនិត្យឃើញថាត្រឹមត្រូវពិតប្រាកដហើយ ត្រូវចុះឈោ្មះគាត់ចូលទៅក្នុងបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែងជារួម តាមគំរូដែលផ្ដល់ជូនដោយ គ.ជ.ប ធានាថាឈ្មោះ និងទិន្នន័យតំណាងរាស្ត្រក្នុងតំណែងដែលបានចុះក្នុងបញ្ជីឈ្មោះដូចគ្នា ជាមួយនឹងឈ្មោះ និងទិន្នន័យរបស់តំណាងរាស្ត្រក្នុងតំណែងនៅលើលិខិតសម្គាល់ខ្លួនជាតំណាងរាស្ត្រក្នុងតំណែងដែលចេញដោយប្រធានរដ្ឋសភា ធានាថា តំណាងរាស្ត្រក្នុងតំណែងទាំងអស់នៅក្នុងក្របខណ្ឌរាជធានី ខេត្តនៃភូមិភាគ នីមួយៗ ត្រូវបានស្រង់បញ្ចូលទៅក្នុងបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែងបន្ទាប់ពីចុះឈ្មោះ និងទិន្នន័យតំណាងរាស្ត្រក្នុងតំណែង និងពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និង ទិន្នន័យបានត្រឹមត្រូវ និងគ្រប់ចំនួនតាមអង្គបោះឆ្នោតហើយ ត្រូវថតចម្លងបញ្ជីនេះបន្ថែម ២ (ពីរ) ច្បាប់ទៀត រួចអគ្គលេខាធិការរដ្ឋសភាត្រូវចុះហត្ថលេខា បោះត្រាអគ្គលេខាធិការដ្ឋាន រដ្ឋសភា និងកាលបរិច្ឆេទ លើបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែងទាំង ៣ (បី) ច្បាប់ រួច រៀបចំបញ្ជីឈ្មោះទាំងនោះជូនប្រធានរដ្ឋសភា ដើម្បីស្នើសុំបញ្ជាក់ឲ្យភាពត្រឹមត្រូវ៕

ដោយ ស៊ាន សុផាត

ads banner