ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិកប្លីនកេនបានទៅកាន់ប្រទេសអ៊ីស្រាអែលដើម្បីបញ្ជូនសារការពារសង្រ្គាម​​

អាមេរិក៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អានតូនី ប្លីនកេន(Antony Blinken) បានធ្វើដំណើរទៅ​កាន់ប្រទេស​អ៊ីស្រាអែល​ ក្នុង​បេសកកម្ម​​នៅមជ្ឈិមបូព៌ា កាលថ្ងៃពុធកន្លងទៅថ្មីៗនេះ ​​ក្នុងគោលដៅបញ្ជូនសារ​ដើម្បីការពារកុំឱ្យសង្គ្រាម​កាន់តែរីកធំឡើង បន្ទាប់ពីការវាយប្រហារ ​ការចាប់ចំណាប់ខ្មាំងពីសំណាក់​ក្រុមសកម្មប្រយុទ្ធ​ហាម៉ាស​ប៉ាឡេស្ទីន និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។

នេះជាការបង្ហាញពីសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ខ្លួន។ ទីក្រុងវ៉ាស៊ីនតោនតាមរយៈ Blinken គ្រោងនឹងជួបមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្ត្រី បេនចាមីន ណេតានយ៉ាហូ(Benjamin Netanyahu )ដើម្បីពិភាក្សា​អំពី​​ការជំរុញការគាំទ្រផ្នែកយោធាបន្ថែមទៀត។

មុននឹងឡើង​យន្តហោះ​​ទៅ​កាន់ប្រទេស​អ៊ីស្រាអែល លោក Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ខ្ញុំទៅ​អ៊ីស្រាអែលគឺមានតែសារដ៏សាមញ្ញ និងច្បាស់លាស់មួយប៉ុណ្ណោះ គឺ ​សហរដ្ឋអាមេរិក​នឹង​ឈរនៅពី​ក្រោយ​អ៊ីស្រាអែលជានិច្ច»។

ក្នុង​បេសកកម្ម​នៅមជ្ឈិមបូព៌ាលើកនេះ Blinken នឹងធ្វើការជាមួយសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ ដើម្បី​ព្យាយាម​ធានា​ឱ្យបាននូវការការដោះលែងចំណាត់ខ្មាំងជាង ១០០នាក់ ដែលអ៊ីស្រាអែល​និយាយថា​ ក្រុម​ហាម៉ាស់​ចាប់ជាឈ្លើយសឹក ហើយក្នុងនោះក៏មានខ្លះជាពលរដ្ឋអាមេរិកផងដែរ។ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិកមួយរូបទៀតក៏បានឱ្យដឹងដែរថា បន្ទាប់ពីឈប់នៅអ៊ីស្រាអែល និងហ្ស៊កដានីលោក ប្លីនកេន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់។

គួរឱ្យដឹងដែរថា ខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានវាយលុកពេញទីក្រុងអ៊ីស្រាអែលកាលពីចុងសប្តាហ៍កន្លង​ទៅ​ ដោយមកទល់ពេលនេះមានមនុស្សស្លាប់ចំនួនប្រមាណជាងមួយពាន់ និង ចាប់ចំណាប់ខ្មាំង​ជាច្រើន​នាក់​​ផ្សេងទៀតយកទៅកាន់តំបន់ហ្គាហ្សា។

យ៉ាងណា​ ជាការសងសឹកអ៊ីស្រាអែលក៏បាន វាយប្រហារតាមអាកាសដែលបានសម្លាប់មនុស្សជាងមួយពាន់នាក់ដូចគ្នា។នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។ យោធាអ៊ីស្រាអែលបាន​​និយាយថា កងទ័ពរ​បស់ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីនយ៉ាងហោចណាស់មួយពាន់នាក់ ដែលបានជ្រៀតចូលពីតំបន់ហ្គាហ្សា។

បើតាមលោក ប្លីនកេន ក្នុងចំណោមជនរងគ្រោះទាំងអស់ យ៉ាងហោចណាស់ជនជាតិអាមេរិក ២២ នាក់ត្រូវ​បានសម្លាប់​ក្នុងអំឡុង​ពេលការវាយប្រហារនេះ។

ជារួមមក អាទិភាពកំពូលសម្រាប់លោក ប្លីនកេន ទៅអ៊ីស្រាអែល គឺត្រូវបញ្ជូនសារដើម្បី រារាំង ដែលទំនង​ជាសំដៅ​លើអ៊ីរ៉ង់ និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ដូចជាក្រុមហេសបូឡា របស់ប្រទេសលីបង់ ដើម្បីប​ញ្ឈប់​សង្គ្រាមកុំឱ្យកាន់តែ​ធំឡើង៕

ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ប្រពព៖ https://www.reuters.com/world/middle-east/blinken-headed-israel-show-us-solidarity-seek-deterrence-2023-10-11/

ads banner