បក្សប្រឆាំងនៅអ៊ីស្រាអែលចូលរួមបង្កើត «រដ្ឋាភិបាលគ្រាអាសន្ន» ក្នុងពេលជួបសង្គ្រាម

ហ្ស៊េរុយសាឡិម៖ ចំពេលមានសង្រ្គាមអ៊ីស្រាអែល-ហ្គាហ្សា មេដឹកនាំបក្សប្រឆាំងនៅអ៊ីស្រាអែល និងសមាជិកបួននាក់ទៀតរបស់គណបក្ស បានចូលរួមជាមួយរដ្ឋាភិបាល ដើម្បីបង្កើត «រដ្ឋាភិបាលគ្រាអាសន្ន» ទប់ទល់នឹងក្រុមហាម៉ាស់។

ក្នុងពេលដែលអ៊ីស្រាអែលធ្វើសង្គ្រាម ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅហ្គាហ្សា មេដឹកនាំបក្សប្រឆាំង លោក Benny Gantz បានចូលរួមជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu រួមជាមួយសមាជិកបួននាក់ នៃគណបក្សប្រឆាំង គឺលោក Gideon Sa’ar, Gadi Eisentkot, លោក Hili Tropper និង លោកស្រី Yifat Shasha-Biton ដើម្បីបង្កើត «រដ្ឋាភិបាលគ្រាអាសន្ន»។

សភាអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានអនុម័តគាំទ្រឲ្យបង្កើត «រដ្ឋាភិបាលគ្រាអាសន្ន»នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាសពីការធ្វើសង្រ្គាម កម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់។

ក្រុមសមាជិករដ្ឋាភិបាលគ្រាអាសន្នមកពីបក្សប្រឆាំងបានស្បថចូលកាន់តំណែង ដោយត្រូវធ្វើជាបណ្តារដ្ឋមន្ត្រីនៃរដ្ឋាភិបាលនេះ នៅក្នុងសភា ភ្លាមៗ បន្ទាប់ពីការបោះឆ្នោត ជាមួយនឹងសម្លេង គាំទ្រ ៦៦ ទល់នឹង៤ សម្លេង។

លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ដែលស្លៀកពាក់ឈុតខ្មៅ បានប្រាប់សភា មុនការបោះឆ្នោតថា «ការរួបរួមដែលយើងកំពុងបង្កើត ផ្ញើសារនៃកម្លាំងដ៏អស្ចារ្យ» ដោយលោកប្តេជ្ញាថា នឹងបំផ្លាញក្រុម ហាម៉ាស់។

យ៉ាងណាក៏ដោយ ក៏មានមេដឹកនាំគណបក្សប្រឆាំង ដែលជាអតីតសម្ព័ន្ធមិត្តជាមួយលោក Gantz បាននិយាយថា មិនចូលរួមជាមួយរដ្ឋាភិបាលគ្រាអាសន្ននេះទេ ដោយបានចោទប្រកាន់មេដឹកនាំអ៊ីស្រាអែល ពី«បរាជ័យដែលមិនអាចលើកលែងបាន» ចំពោះការដែលមិនបានការពារ ការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធហាម៉ាស់ កាលពីចុងសប្តាហ៍។

ការប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃសៅរ៍ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្សជាង ១២០០ នាក់ នៅអ៊ីស្រាអែល និង ស្លាប់មនុស្ស ១៣៥០នាក់ នៅខាងហ្គាហ្សា របស់ប៉ាឡេស្ទីន នៅពេលដែលអ៊ីស្រាអែលបន្តសងសឹកវិញ តាមរយៈការវាយប្រហារតបត ជាបន្តបន្ទាប់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner