គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid នៃទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃព្រហស្បតិ៍ ទី១៩ តុលា ឆ្នាំ២០២៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ព្រះចៅអធិរាជគ្រប់គ្រងថែរក្សាការពារព្រះវិហារឥស្លាមដ៏ស័ក្តិសិទ្ធ ទាំងពីរ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការ ប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ ជាដើម។

កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវ ឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្ដីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ ២០២៤-២០២៨)។

អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយឥស្សរជន បរទេស មួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រទេសជាសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ ផេកសម្ដេចធិបតី

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner