នាយករដ្ឋមន្ត្រីអូស្ត្រាលីនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចំពេលមានវិវាទពាណិជ្ជកម្មស្រាក្រហម និងជម្លោះទួរប៊ីនខ្យល់
កង់បេរ៉ា៖នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អ៊ែនថូនី អាល់បានីស (Anthony Albanese) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ដើម្បីជួបជាមួយប្រធានាធិបតី ស៊ី ជីនភីង និងនាយករដ្ឋមន្រ្តីចិន លោក លី កាង ក្នុងគោលបំណងរក្សាស្ថិរភាពទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អូស្រ្តាលីមួយនេះ។
ការប្រកាសពីទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង និងសៀងហៃ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការទម្លាយព័ត៌មាន ទាក់ទិននឹងការដោះស្រាយជម្លោះជាមួយប្រទេសចិន ជុំវិញការដាក់ពន្ធលើស្រាក្រហមអូស្រ្តាលី ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មនេះ។
លោក អាល់បានីស ថ្លែងកាលពីថ្ងៃអាទិត្យក្នុងសេចក្ដីថ្លែងការណ៍មួយថា ៖ «វាសំខាន់ណាស់ ដែលយើងរក្សាស្ថិរភាពទំនាក់ទំនងរបស់យើង ជាមួយនឹងប្រទេសចិន»។ លោកបន្ថែមថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ទំនាក់ទំនងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
គេមើលឃើញថា ការពង្រឹងទំនាក់ទំនងចិន-អូស្រ្តាលី ដែលដុនដាបជាច្រើនឆ្នាំដោយសារតែជម្លោះពាក់ព័ន្ធនឹងក្រុមហ៊ុនទូរគមនាគមន៍ចិនហួរវៃ( Huawei ),បញ្ហាចារកម្ម និងកូវីដ១៩ គឺជាអាទិភាពចម្បងសម្រាប់លោក អាល់បានីស ចាប់តាំងពីឡើងកាន់តំណែងក្នុងឆ្នាំ ២០២២។
ចំណែកឯក្រសួងពាណិជ្ជកម្មចិនវិញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសចិន និងអូស្ត្រាលី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក ហើយយើងមានឆន្ទៈក្នុងការធ្វើការជាមួយភាគីអូស្ត្រាលី ដើម្បីបន្តជួបគ្នាធ្វើការសន្ទនា និងការពិគ្រោះយោបល់គ្នា»។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃអាទិត្យថា ភាគីទាំង២ បានឈានដល់ការឯកភាពគ្នា ដើម្បីដោះស្រាយវិវាទស្រាក្រហម ក៏ដូចជាជម្លោះលើកាតព្វកិច្ចអូស្ត្រាលីលើទួរប៊ីនខ្យល់របស់ចិន។
គួរកត់សម្គាល់ថា សេចក្តីប្រកាសនេះ គឺជាសេចក្តីប្រកាសការទូតចុងក្រោយបង្អស់ ក្រោយចិនបានដកការរឹតបន្តឹងលើការនាំចូលធ្យូងថ្ម ឈើ និងស្រូវសាលីរបស់អូស្ត្រាលី ដែលទីក្រុងប៉េកាំងបានដាក់ការរឹតត្បឹត ក្រោយក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតអំពីប្រភពដើមនៃកូវីដ១៩៕
ប្រភព៖ Australia PM to visit China, with progress on wine, wind tower disputes