កូរ៉េខាងត្បូង ធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាលើកដំបូងជាមួយជប៉ុននិងអាមេរិក
សេអ៊ូល៖ក្រោយការដំឡើងសាច់ដុំតាមរយៈមីស៊ីលរបស់កូរ៉េខាងជើងជាញឹកញយ កូរ៉េខាងត្បូងឯណោះក៏កំពុងតែខិតខំរក្សាសម្ព័ន្ធមិត្តសេរីរបស់ខ្លួនគឺ អាមេរិក និងជប៉ុន។ នេះជាលើកទីមួយ ដែលកូរ៉េខាងត្បូងសម្រេចធ្វើសមយុទ្ធផ្លូវអាកាសរួមជាមួយសម្ព័ន្ធមិត្តទាំងពីរ ក្រោមហេតុផលពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា។នេះមិនត្រឹមតែជាសមយុទ្ធប្រឆាំងនឹងកូរ៉េខាងជើងប៉ុណ្ណោះទេ គេក៏មិនគួរភ្លេចទេថា នៅក្បែរឧបទ្វីបកូរ៉េ ក៏មានចិនដែលមានឥទ្ធិពលកុម្មុយនីស និងជាសម្ព័ន្ធមិត្តយូរអង្វែងរបស់កូរ៉េខាងជើងផង។
យ៉ាងណាមិញ សមយុទ្ធផ្លូវអាកាសរវាងប្រទេសទាំងបីនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២២ ខែតុលា ហើយដែលប្រព្រឹត្តទៅនៅភាគខាងត្បូងនៃឧបទ្វីបកូរ៉េ។
កងទ័ពអាកាសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះមានគោលបំណងពង្រីកសមត្ថភាពឆ្លើយតបរបស់ប្រទេសខ្លួន ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីល របស់កូរ៉េខាងជើង។
ដោយឡែក សមយុទ្ធនេះបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-52 ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរ ជាមួយនឹងសមត្ថភាពរុករកទីតាំងដ៏ជាក់លាក់ទូទាំងពិភពលោក។ នៅក្នុងជម្លោះណាមួយ យន្តហោះ B-52 អាចវាយប្រហារជាយុទ្ធសាស្ត្រ អាចផ្ដល់ការគាំទ្រតាមផ្លូវអាកាស ព្រមទាំងប្រតិបត្តិការដែនសមុទ្រផងដែរ។
ក្នុងដំណើរការសមយុទ្ធឯណោះវិញ យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកបានចុះចតនៅមូលដ្ឋានទ័ពអាកាសកូរ៉េខាងត្បូងតាំងតែពីថ្ងៃទី ១៧ ខែតុលា។ យន្ដហោះ B-52 ដែលហោះហើរក្នុងល្បឿនដ៏លឿន ដោយអាចធ្វើដំណើរបានជាង ១៤,000 គីឡូម៉ែត្រ (៨.៨00 ម៉ាយ) ដោយមិនចាំបាច់ចាក់ប្រេង នៅរយៈកំពស់ដល់ទៅ ៥0 000 ហ្វីត។
យោងតាមសារព័ត៌មាន The Japan Times តាមរយៈសកម្មភាពសមយុទ្ធនេះ ទីក្រុងព្យូងយ៉ាង បានចាត់ទុកថាជាការហ្វឹកហាត់សម្រាប់ការ ឈ្លានពាន និងបានព្រមានក្នុងការចាត់ វិធានការតបត ផងដែរ។
គួររំលឹកថា កាលពីខែសីហាកន្លងទៅ មេដឹកនាំប្រទេសទាំងបីក៏បានជួបប្រជុំគ្នានៅ Camp David ដោយបានព្រមព្រៀងគ្នាលើផែនការធ្វើសមយុទ្ធជាប្រចាំ និងចែករំលែកទិន្នន័យនានាពីកូរ៉េខាងជើង ហើយកាលពីដើមខែតុលានេះផងដែរ ប្រទេសទាំងបីក៏បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ៕
ដោយ៖កែវ បុស្បា
ប្រភព៖ South Korea says holds first joint air drill with Japan and US