​ខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន បាន​លើកឡើង​ថា ​ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេច គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ  ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់ស​ព្វថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន បាន​លើកឡើងដូចនេះតាមរយៈ​តេឡេក្រាមនាព្រឹកថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣​ ដែលជា​ខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ​(២៣ តុលា ១៩៩១-២៣ តុ​លា ២០២៣)​។

សម្ដេចតេជោបន្តថា ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន លោក ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ​តំ​ណា​​ងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន។

ភាគីទាំង៤ បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោ​មវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ច ប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ ​

សម្ដេចតេជោ  ហ៊ុន សែន បញ្ជាក់ថា ៖ «ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមន​យោ​​បាយ ឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩​៩​៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ»។​

ចំណែកសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា​ ហ៊ុន ម៉ាណែត បាន​លើកឡើងតាមរយៈតេឡេក្រាមដែរថា ​​មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជាដោយកិច្ចចរចាសន្តិវិធីក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជា​ធ្លុងមួយក្នុងស្មារតី «ខ្មែរតែមួយ បុព្វហេតុតែមួយ»។

សម្ដេចធិបតីបន្តថា ៖ «​នេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំ​ខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម»។​

​ទាក់ទងនឹង​​ខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីសនេះដែរឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានលើកឡើង​ឱ្យដឹងដែរថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍សំខាន់មួ​យនៅក្នុងប្រវត្តិដ៏វែងអន្លាយនៃដំណើរតស៊ូបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាពនៅកម្ពុជា ក្នុងនោះ​លោក ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនេះ។

ឯកឧត្តម​បាន​ឱ្យដឹងថា ៖ «នៅពេលគេនិយាយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គេត្រូវនិយាយពីតួអង្គសំ​ខាន់ពីរគឺ ​ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និង​សម្តេចតេជោ ហ៊ុន សែន (ដោយមានការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ)។ បើគ្មានការលះបង់និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់តួ​អង្គទាំងពីរនេះទេ កិច្ចព្រមព្រៀងនេះក៏មិនអាចកើតមានដែរ»​។ ​​

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌ បានលើកឡើងនូវ​ចំណុចចំនួន៣ ​ទាក់ទងនឹង​កិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស​ផងដែរ​។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ទី១គឺ គោលការណ៍គ្រឹះធំៗទាំងបួននៃការដឹកនាំប្រទេស ត្រូវបានបញ្ចូលទាំងស្រុងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣របស់យើង រួមមាន៖​គោលការណ៍អធិបតេយ្យជាតិនិងបូរណភាពទឹកដី, រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, ប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិសេរីភាពភ្ជាប់ជាមួយនីតិរដ្ឋ»។ ចំណែកចំណុចទី២គឺ រដ្ឋាភិបាល មានកាតព្វកិច្ចត្រូវអនុវត្តនិងគោរពតាមតែរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នេះ តែប៉ុណ្ណោះ ចំណែកឯកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ មិនមានសុពលភាពទៀតទេ ក្រោយពីរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលថ្មី មួយ ត្រូវបានបង្កើតឡើង តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។ 

ឯកឧត្តមបន្តថា រីឯ​ចំណុនទី៣​ ​អ្វីដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសសម្រេចបាន គឺការបង្កើតនូវមូលដ្ឋានគ្រឹះនៃរបបដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យទំនើបមួយនៅកម្ពុជា ហើយអ្វីដែលកិច្ចព្រមព្រៀងនេះមិនអាចសម្រេចបាន គឺការបញ្ចប់សង្រ្គាមស៊ីវិលរុំារ៉ៃទាំងស្រុងនៅកម្ពុជានាពេលនោះ៕

ដោយ៖​នាង សុគន្ធា

ads banner