មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង រួមនឹងអង្គការដៃគូមួយចំនួន កំពុងធ្វើការអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣
ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង រួមនឹងអង្គការដៃគូមួយចំនួនកំពុងធ្វើការអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ឆ្នាំ២០២៣ ខណៈដែលការអង្កេតលើកទី៣នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែប្រសើរឡើងក្នុងការគ្រប់គ្រងជំងឺរបេង និងឆ្ពោះទៅរកការបញ្ចប់ជំងឺរបេងរបស់ខ្លួន។
សេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលាថា ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងគ្រុនចាញ់ និងជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេង និងសមាគមប្រឆាំងជំងឺរបេងជប៉ុន ( RIT/JATA) វិទ្យាស្ថានប៉ាស្ទ័រ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) កំពុងធ្វើការអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលរំពឹងទុកនៅពាក់កណ្តាលឆ្នាំ២០២៤។
សេចក្ដីប្រកាសដដែលបានបន្តថា លទ្ធផលនៃការអង្កេតលើកទី៣នេះ នឹងធ្វើឱ្យប្រទេសកម្ពុជាយល់អំពីបច្ចុប្បន្នភាពនៃជំងឺរបេង និងការគ្រប់គ្រងជំងឺរបេងរបស់ខ្លួនកាន់តែប្រសើរឡើង ដើម្បីឆ្ពោះទៅរកការបញ្ចប់ជំងឺមួយនេះ និងជួយបញ្ចប់ជំងឺរបេងដែលបានឆក់យកជីវិតមនុស្ស ១.៦លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២១។
លោក ប៉ាស្កាល់ រីងវដ (Pascal Ring Wald) តំណាងស្តីទីនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងតាមរយៈសេចក្តីប្រកាសថា ទោះបីជាមានភស្តុតាងជាច្រើនបានបង្ហាញថា ស្ថានភាពជំងឺរបេងនៅប្រទេសកម្ពុជាកំពុងធ្លាក់ចុះក៏ដោយ ប៉ុន្តែវាមានភាពមិនទាន់ច្បាស់លាស់នោះទេ ខណៈដែលការអង្កេតចុងក្រោយត្រូវបានធ្វើឡើងកាលពីជាងមួយទសវត្សរ៍មុន ហើយបានរកឃើញថា ការព្យាបាលជំងឺរបេង ត្រូវបានប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ១៩។
លោកបញ្ជាក់ថា ៖ «ការអង្កេតលើកទី៣នេះ នឹងរួមចំណែកដល់ការធ្វើបច្ចុប្បន្នភាព យុទ្ធសាស្រ្តផ្អែកលើភស្តុតាង ដែលនឹងជួយស្វែងរកគ្រប់ករណី និងលុបបំបាត់ជំងឺរបេង»។
ដោយឡែកលោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានថ្លែងឱ្យដឹងដែរថា ក្រុមអង្កេតកំពុងប្រមូលទិន្នន័យក្នុងតំបន់គោលដៅនៅទូទាំងប្រទេស ហើយលទ្ធផលអង្កេតលើកទី៣នេះ នឹងជួយកម្ពុជាបង្កើតផែនការកាន់តែប្រសើរឡើងក្នុងការបញ្ចប់ជំងឺរបេង សង្គ្រោះជីវិត និងការពារប្រជាពលរដ្ឋពីការធ្លាក់ក្នុងភាពក្រីក្របន្ថែមទៀត ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) និងគោលដៅយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង។
លោក ចាន់យុដា បានបន្តថា ៖ «ការអង្កេតនេះ វាមានសារៈសំខាន់ណាស់ក្នុងការតាមដាននិន្នាការនៃជំងឺរបេង ហើយតាមរយៈដំណើរការពិនិត្យ អ្នកដែលបានធ្វើតេស្តវិជ្ជមានក៏ត្រូវបានបញ្ជូនទៅព្យាបាលផងដែរ។ ការព្យាបាលទាន់ពេលវេលាអាចធ្វើឱ្យប្រសើរឡើងនូវឱកាសនៃការជាសះស្បើយរបស់ពួកគាត់ កាត់បន្ថយបញ្ហាហិរញ្ញវត្ថុរបស់ពួកគាត់ និងកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃជំងឺរបេងនៅក្នុងសហគមន៍របស់ពួកគាត់ផងដែរ»។
ជាមួយគ្នានោះ លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានឱ្យដឹងដែរថា ការកសាងភស្តុតាងអំពីអត្រាប្រេវ៉ាឡង់ជំងឺរបេង គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការលុបបំបាត់ជំងឺរបេង ខណៈដែលការលុបបំបាត់នេះ វាស្ថិតនៅជាមួយនឹងការងាររបស់អូស្ត្រាលីក្នុងការជួយកម្ពុជាលើការកែលម្អប្រព័ន្ធសុខាភិបាល ។ដូច្នេះប្រជាពលរដ្ឋគ្រប់គ្នា អាចទទួលបានការព្យាបាលដែលមានគុណភាពល្អ។
លោកលើកឡើងថា ៖ «ជាមួយនឹងលទ្ធផលរំពឹងទុកនៅពាក់កណ្តាលឆ្នាំ២០២៤ ទិន្នន័យដែលប្រមូលបានពីអង្កេត នឹងមិនត្រឹមតែជួយកំណត់អនាគតដែលគ្មានជំងឺរបេងរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងជាសកលផងដែរ»។
សូមបញ្ជាក់ថា យោងតាមការអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី២ បានបង្ហាញថា នៅប្រទេសកម្ពុជា អត្រាប្រេវ៉ាឡង់ជំងឺរបេងបានធ្លាក់ចុះពី ២៦៩នាក់ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ក្នុងឆ្នាំ ២០០២ មកនៅត្រឹម ១៧១នាក់ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់នៅឆ្នាំ២០១១៕
ដោយ៖ជា សុខនី