ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ លេខ៧២១ កងពលធំអន្តរាគមន៍លេខ៣ បានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់

(ខេត្តព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ នៅព្រឹកថ្ងៃអង្គារទី២៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ដល់ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ លេខ៧២១ កងពលធំអន្តរាគមន៍លេខ៣ ។

លោក ឃុន សុខា អគ្គលេខាធិការរង គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ចាប់ដំណើរការរៀបចំឡើងក្រោមការសម្របសម្រួល ពីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងការពារជាតិ និងមានការគាំទ្រថវិការពីប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ លើការពង្រឹងសមត្ថភាពអោយបានល្អរប្រសើរក្នុងការបំពេញការងារជួយសង្គ្រោះប្រជាជនដែលជួបគ្រោះមហន្តរាយទឹក ជំនន់។ បន្ថែមលើសពីនេះសិក្ខាកាមមានឱកាសក្នុងការសម្របសម្រួលរវាងកងកម្លាំងរុករក និងសង្គ្រោះ និងផ្នែកស៊ីវិលផងដែរ។

លោក ឃុន សុខា បានលើកឡើងបន្ថែមថា៖ បច្ចុប្បន្ននេះលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងថ្នាក់ជាតិបានដើតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ក្រុមរុករក និងសង្គ្រោះ និងគាំទ្រក្នុងការផ្គត់ផ្គង់នូវសម្ភារៈប្រើប្រាស់សម្រាប់រុករក និងសង្គ្រោះសម្រាប់យកទៅអនុត្តក្នុងការឆ្លើយតប ។

អគ្គលេខាធិការរង គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានបញ្ជាក់ឲ្យដឹងដែរថា៖ វគ្គបណ្តុះណ្ដាលដែលបាន និងកំពុងរៀបចំបើកនៅថ្ងៃនេះមានចំនួន ១២០នាក់ រយៈពេល៥ថ្ងៃ សិក្សាជំនាញរួមមាន៖

១.ច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ និងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ និងយន្តការសម្រប សម្រួលរវាងផ្នែកស៊ីវិល និងយោធា ។

២.រចនាសម្ព័ន្ធនៃប្រព័ន្ធបញ្ហាឧប្បត្តិហេតុកងរុករកសង្គ្រោះលេខ៧២១ ។

៣.គ្រោះមហន្តរាយទឹកជំនន់, បទដ្ឋាននៃការឆ្លើយតបគ្រោះមហន្តរាយ និងការជម្លៀស និងការ គ្រប់គ្រងការជម្លៀស ។

៤.ជំនាញសង្គ្រោះបឋម និងជំនាញនៃការប្រើប្រាស់ខ្សែចំណងសុវត្ថិភាព ។

៥.លំហាត់សង្គ្រោះលើផ្ទៃទឹក(វិញ្ញាសារហែលសង្គ្រោះ, វិញ្ញាសារប្រើខ្សែសង្គ្រោះ,វិញ្ញាសារប្រើ ពោងសង្គ្រោះ,វិញ្ញាសារប្រើទូកសង្គ្រោះ និងការហ្វឹកហាត់ដៃចង្កូត)ការប៉ាន់ប្រមាណឧប្បត្តិហេតុ ។

៦.ការគ្រប់គ្រងទូក និងជុសជុលម៉ាស៊ីនទូក ។

៧.ការសិក្សាពីភូមិសាស្ត្រ ការរៀបចំផែនការរុករក និងសង្គ្រោះ និងការចុះអនុវត្តលើប្រព័ន្ធបញ្ហា ឧប្បត្តិហេតុគ្រោះមហន្តរាយទឹកជំនន់ ។

៨.ការគ្រប់គ្រងធនធាន សម្ភារៈរុករក និងសង្គ្រោះ ។

អគ្គលេខាធិការរង គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តថា ការហ្វឹកហ្វឺនត្រូវបានបែងចែកជាពីរ គឺការសិក្សាផ្នែកទ្រឹស្តី និងអនុវត្តលើទីលានជាក់ស្តែង។ ក្រោមការសម្របសម្រួលពីគ្រូហ្វឹកហ្វឺនចំនួន ១០នាក់ ក្នុងនោះមកពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចំនួន ២រូប គ្រូបង្គោលកងពលធំអន្តរាគមន៍លេខ៣ចំនួន ១០រូប E 70 ចំនួន ១រូប កងពលតូចអន្តរាគមន៍លេខ១ ចំនួន ៥រូប ។

ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវការផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ ដោយធ្វើយ៉ាងណាខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបទពិសោធន៍ថ្មីៗ នៅក្នុងអំឡុងពេលគណៈគ្រប់គ្រងវគ្គបានបណ្តុះបណ្តាល យកទៅបម្រើការងារ ចំគោលដៅ និងទាន់ពេលវេលា ឲ្យមានប្រសិទ្ធភាព បច្ចេកទេសរុករក និងសង្គ្រោះ ប្រជាជនចេញពីកន្លែងគ្រោះមហន្តរាយ ទឹកជំនន់ និងកន្លែងផ្សេងៗទៀត ដែលកើតឡើងជាយថាហេតុ ឲ្យទទួលបាននូវសុខសន្តិភាព ។

យោងតាមសេចក្តីរាយការណ៍ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងអំណរគុណ ឯកឧត្តម គីម រិទ្ធី បានជួយឧបត្ថម្ភឃ្លាំង ១ខ្នង ធ្វើអំពីដែកប្រក់ស័ង្កសី ទំហំ៨×១២ម៉ែត្រ ចំណាយអស់ទឹកប្រាក់ ៦៥០០ដុល្រលាអាមេរិច សម្រាប់ទុកដាក់សម្ភារៈ សង្គ្រោះគ្រោះមហន្តរាយ និង បន្ថែមនូវថវិកាចំនួន ១៤លានរៀល នៅក្នុងការផ្គត់ផ្គង់នៃដំណើរការបើកវគ្គ បណ្តុះបណ្តាលជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ នេះផងដែរ ៕

សួន លីណា

ads banner