សិក្ខាសាលាកសាងសមត្ថភាពស្ដីពី ការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យរាយការណ៍សូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(សៀមរាប)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបើកសិក្ខាសាលាកសាងសមត្ថភាព ស្តីពីការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យរាយការណ៍សូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅមន្ទីរផែនការខេត្តសៀមរាប។

ឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលា ស្តីពីការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យរាយការណ៍សូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម លី ចាន់សុភក្តី បានបង្ហាញថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គឺជាផែនការស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងគ្របដណ្តប់លើគ្រប់វិស័យ និងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានចែងក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ពោលគឺគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGS)។ ក្នុងគោលបំណងដើម្បីសម្រេចគោលដៅរួមនៃផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិកម្ពុជា (NSDP) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលមានចំនួន ១៧គោលដៅ ១៦៩ ចំណុចដៅ និង២៣២សូចនាករ តាមរយៈក្របខ័ណ្ឌ SDG ជាសាកលនេះ ក្រសួងផែនការត្រូវបានប្រគល់ភារកិច្ចដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានតួនាទីស្នូលដឹកនាំសម្របសម្រួលនៅក្នុងដំណើរការធ្វើមូលដ្ឋានីយកម្ម SDG ទៅក្នុងបរិបទនៃកម្ពុជា និងដើម្បីឱ្យស្របទៅតាមកម្មវិធីនយោបាយសំខាន់ៗ ដែលបានកំណត់នៅក្នុងយុទ្ធសាស្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្នសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDG) គឺយើងមានចំនួន ១៨គោលដៅ (ដោយបន្ថែមគោលដៅមួយរបស់កម្ពុជា ស្តីពីការបញ្ចប់ផលប៉ះពាល់ដោយសារ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជំរុញការសង្គ្រោះជនរងគ្រោះ) មានចំនួន ៨៨ចំណុចដៅ និង១៤៨សូចនាករ សម្រាប់គាំទ្រការសម្រេចគោលដៅទាំង១៨ នេះ។

ឯកឧត្តម ទ្រី ឫទ្ធា អគ្គនាយកស្ដីទីនៃវិទ្យាស្ថានជាតិស្ថិតិ បានបកស្រាយអំពីសារៈសំខាន់នៃសិក្ខាសាលា កសាងសមត្ថភាពក្នុងគោលបំណងបប្រៀបការយល់ដឹង និងការរៀបចំផែនការសកម្មភាព ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រ ផែនការសកម្មភាពចម្បងៗមួយចំនួន ត្រូវបានដាក់ចេញក្នុងផែនការសកម្មភាពសម្រាប់អនុវត្តការវាស់វែងសូចនាករ SDG និងក្របខណ្ឌការងារសម្រាប់ប្រមូលទិន្នន័យត្រូវបានកំណត់ និងលទ្ធផលរំពឹងទុកដែលត្រូវសម្រេច ឱ្យបាននោះគឺការបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍ និងផ្សព្វផ្សាយទិន្នន័យសូចនាករ SDG/CSDG ព្រមទាំងសូចនាករអភិវឌ្ឍន៍ជាតិផ្សេងៗ។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងន័យនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងទាក់ទងនឹង៖ ១.ចរិកលក្ខណៈរបស់សូចនាករ។ ២.ការរៀបចំម៉េតាទិន្នន័យសម្រាប់សូចនាករ SDG (ជាពិសេសសមាសធាតុ សំខាន់នៅក្នុងការបំពេញទម្រង់ព័ត៌មានម៉េតាទិន្នន័យសម្រាប់អ្នកប្រើប្រាស់ទូទៅ ដូចជាទស្សនទាន និងនិយមន័យ វិធីសាស្ត្រគណនា ប្រភពទិន្នន័យ ស្ថាប័នឬអង្គភាពទទួលខុសត្រូវ វិសាលភាពគ្របដណ្តប់ទិន្នន័យជាដើម)។ ៣.ការ ប្រើប្រាស់ប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់ផ្សព្វផ្សាយសូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Open SDG) និង៤.ការប្រើប្រាស់ប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍សូចនាករអភិវឌ្ឍន៍ជាតិ (CAMSTAT)។

សូមបញ្ជាក់ថា តាមរយៈសិក្ខាសាលាកសាងសមត្ថភាពដ៏មានសំខាន់នេះ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងផែនការ សង្ឃឹមយ៉ាងមុតមាំថានឹងមានការខិតខំធ្វើការរួមគ្នាជាប្រព័ន្ធ និងរៀនសូត្របទពិសោធន៍រវាងអ្នកចូលរួមពីបណ្ដា មន្ទីរ-សា្ថប័នពាក់ព័ន្ធ ថែមទាំងបានយល់ដឹងកាន់តែទូលំទូលាយអំពីចរិកលក្ខណៈរបស់សូចនាករ ភាពសំខាន់របស់ម៉េតាទិន្នន័យ បានស្វែងយល់ពីប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍សូចនាករអភិវឌ្ឍន៍ជាតិ (CAMSTAT) និងប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់ផ្សព្វផ្សាយសូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Open SDG)៕

ដោយ ស៊ាន សុផាត

ads banner