អ្នកជំនាញ៖ ពិភពលោកនឹងបរាជ័យលើពាក្យសន្យាទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃឈើត្រឹមឆ្នាំ ២០៣០

អន្តរជាតិ៖ អង្គការក្រៅរដ្ឋាភិបាល និងអ្នកស្រាវជ្រាវមួយក្រុម បានព្រមានក្នុងរបាយការណ៍វាយតម្លៃមួយនៅថ្ងៃអង្គារទី២៤ ខែតុលាថា ពិភពលោកនឹងបរាជ័យលើការសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ ២០៣០ ខណៈការខាតបង់ព្រៃឈើជាសកលបានកើនឡើងកាលពីឆ្នាំមុន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន អាអេហ្វប៉េ(AFP)។

កាលពីឆ្នាំ ២០២១ មេដឹកនាំមកពីជាង ១០០ ប្រទេស និងដែនដី ដែលគ្របដណ្ដប់លើផ្ទៃព្រៃឈើភាគច្រើនលើពិភពលោក បានសន្យាថានឹងបញ្ឈប់ការបំផ្លិចបំផ្លាញឱ្យបាននៅត្រឹមឆ្នាំ ២០៣០ ហើយងាកទៅរកការដាំដើមឈើជំនួសមកវិញ។ ប៉ុន្តែការវាយតម្លៃប្រចាំឆ្នាំរបស់អង្គការវាយតម្លៃសេចក្តីប្រកាសព្រៃឈើ (Forest Declaration Assessment) ដែលបានចេញផ្សាយនៅថ្ងៃអង្គារបានរកឃើញថា ការកាប់បំផ្លាញព្រៃឈើសកល បានកើនឡើងរហូតដល់ ៤ ភាគរយកាលពីឆ្នាំមុន ហើយពិភពលោកនៅតែដើរលើផ្លូវខុសពីអ្វីដែលត្រូវធ្វើ ដើម្បីបំពេញតាមការប្តេជ្ញាចិត្តឆ្នាំ ២០៣០។

លោក អេរិន មេតសុន(Erin Matson )ដែលជាអ្នកស្រាវជ្រាវនាំមុខនៃ Forest Declaration Assessment បានព្រមានថា៖ «គោលដៅឆ្នាំ ២០៣០ មិនមែនគ្រាន់តែជាការល្អឱ្យតែមាននោះទេ វាចាំបាច់ណាស់សម្រាប់ការថែរក្សាបរិយាកាសដែលអាចរស់នៅបាន សម្រាប់មនុស្សជាតិ»។

គួរបញ្ជាក់ថា ព្រៃឈើមិនត្រឹមតែជាជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វប៉ុណ្ណោះទេ ប៉ុន្តែដើរតួនាទីជាអ្នកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដ៏សំខាន់របស់ពិភពលោក ក៏ដូចជាអ្នកស្រូបយកឧស្ម័នផ្ទះកញ្ចក់ដែលភាយចេញទៅក្នុងបរិយាកាសពីសកម្មភាពរបស់មនុស្ស។

ទោះជាយ៉ាងណាក៏ដោយ អត្រាកាប់បំផ្លាញព្រៃឈើកាលពីឆ្នាំមុន គឺខ្ពស់ជាងអត្រាដែលពិភពលោកគួរតែមានដើម្បីសម្រេចបានការសន្យារបស់មេដឹកនាំពិភពលោក រហូតដល់ ២០ ភាគរយ ដោយព្រៃឈើចំនួន ៦.៦ លានហិចតា ត្រូវបានបាត់បង់ ដែលភាគច្រើនជាព្រៃឈើធម្មជាតិនៅក្នុងតំបន់ត្រូពិក។

ការវាយតម្លៃរបស់ Forest Declaration Assessment ដែលត្រួតពិនិត្យដោយក្រុមបរិស្ថាន និងអង្គការស្រាវជ្រាវជាង ២០ ក៏ព្រមានផងដែរថា ការរិចរិលព្រៃឈើ នៅតែជាបញ្ហាដ៏ធំមួយ។ ការរិចរិលនៃព្រៃឈើ សំដៅទៅលើគ្រោះថ្នាក់ជាច្រើន រួមទាំងភ្លើងឆេះព្រៃ និងការបាត់បង់ជីវចម្រុះ ដែលប៉ះពាល់ដល់សុខភាពទាំងមូលរបស់ព្រៃឈើ។

លោក Matson បាននិយាយថា៖ «ទិន្នន័យពី១ឆ្នាំទៅ១ឆ្នាំ មានទំនោរផ្លាស់ប្តូរ។ ដូច្នេះ តួលេខ១ឆ្នាំគឺមិនមែនសំខាន់ណាស់ណាទេ។ ប៉ុន្តែអ្វីដែលសំខាន់ គឺនិន្នាការ។ យើងកំពុងដើរក្នុងទិសដៅខុស»។

ការវាយតម្លៃរបស់ Forest Declaration Assessment នេះ មិនបង្ហាញភាពអាប់អួរជាសកលនោះទេ ដោយមានប្រទេសប្រហែល ៥០ ចាត់ទុកថា ស្ថិតក្នុងដំណើរឆ្ពោះទៅរកការបញ្ចប់ការបំផ្លិចបំផ្លាញព្រៃឈើ។ ជាពិសេស ប្រទេសប្រេស៊ីល ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលការថយចុះយ៉ាងខ្លាំង នៃការបាត់បង់ព្រៃឈើ។

ទោះយ៉ាងណាក៏ដោយ របាយការណ៍ដដែលព្រមានថា ភាពប្រសើរឡើងនោះនៅតែមានហានិភ័យ។

ភាពជោគជ័យរបស់ឥណ្ឌូនេស៊ី បានផ្សារភ្ជាប់មួយផ្នែកទៅនឹងការផ្អាកលើការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែមានការព្រួយបារម្ភថា ច្បាប់ថ្មីស្តីពីការបង្កើតការងារ អាចធ្វើឱ្យការប្តេជ្ញាចិត្តនោះចុះខ្សោយវិញ។ នៅប្រេស៊ីល ខណៈមានការចាប់អារម្មណ៍ជាថ្មីក្នុងការការពារព្រៃអាម៉ាហ្សូន តំបន់ប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់មួយទៀតគឺ Cerrado savannah បានក្លាយទៅជាគោលដៅបំផ្លិចបំផ្លាញទៅវិញ។

របាយការណ៍វាយតម្លៃ បានសរសើរច្បាប់ថ្មីរបស់សហភាពអឺរ៉ុបដែលមានបំណងទប់ស្កាត់ការនាំចូលទំនិញ ដែលជំរុញឱ្យមានការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែបានអំពាវនាវឱ្យមានសកម្មភាពជាសកលកាន់តែខ្លាំង រួមទាំងប្រាក់បន្ថែមទៀតដើម្បីការពារព្រៃឈើ និងការបញ្ចប់ការឧបត្ថម្ភធនដល់វិស័យដូចជាកសិកម្ម ដែលជំរុញឱ្យមានការកាប់បំផ្លាញព្រៃឈើជាដើម។

របាយការណ៍ Forest Declaration Assessment ចេញផ្សាយឡើងមុនពេលប្រទេសនានា ជួបប្រជុំគ្នាសម្រាប់ការពិភាក្សាអំពីអាកាសធាតុនៅខែក្រោយ ដែលបណ្ដាមេដឹកនាំប្រទេសនានានឹងចូលរួម៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner