សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេសនៅក្នុងវិស័យទេសចរណ៍,វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KOMURA Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម KOMURA Masahiko បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ដោយធៀបនឹងកម្ពុជា ដែលធ្លាប់បានស្គាល់កាលពីពេលមុន, ឯកឧត្តម KOMURA Mashiko បានសម្តែងនូវកោតសរសើរប្រកបដោយក្តីរំភើបរីករាយ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងខ្លាំងក្លារបស់កម្ពុជា ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមក។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម KOMURA Mashiko មកកាន់ប្រទេសកម្ពុជា ព្រមជាមួយនឹងក្តីរីករាយចំពោះជំនួបសាជាថ្មីនាឱកាសនេះ បន្ទាប់ពីជំនួបកាលពីរយៈពេល០៥ឆ្នាំកន្លងទៅ នៅទីក្រុងតូក្យូ ក្នុងឱកាសដែលសម្តេចធិបតី ដឹកនាំគណៈប្រតិភូយុវជន ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។ ទន្ទឹមនឹងការប្រារព្ធខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-ជប៉ុន នៅក្នុងឆ្នាំ២០២៣នេះ ដោយនឹងមានការរៀបចំសកម្មភាពអបអរសាទរជាច្រើន, សម្តេចធិបតី ក៏បានយកឱកាសថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមកនៅក្នុងគ្រប់កាលៈទេសៈ រាប់តាំងពីសម័យកាលក្រោយបញ្ចប់សង្គ្រាម រហូតមានការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃនេះ។ ចំពោះអនាគតទៅមុខ សម្តេចធិបតី បានបញ្ជាក់អំពីភាពមិនប្រែប្រួលនៃគោលនយោបាយការបរទេសរបស់កម្ពុជា ជាពិសេសក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដោយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យទេសចរណ៍,វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត



