សត្វឆ្កែ ដែលចាស់ជាងគេលើពិភពលោក បានស្លាប់ក្នុងអាយុ ៣១ ឆ្នាំ
ព័រទុយហ្គាល់៖ សត្វឆ្កែដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោកក្នុងកំណត់ត្រារបស់ស្ថាប័ន Guinness World Records បានស្លាប់ក្នុងអាយុ ៣១ ឆ្នាំ។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។
ឆ្កែមួយក្បាលនោះឈ្មោះ Bobi បានកើតនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ១៩៩២ និងបានប្រកាសថាជាសត្វឆ្កែចិញ្ចឹមដ៏ចាស់ជាងគេបំផុតលើលោកកាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ម្ចាស់របស់ Bobi លោក Leonel Costa បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ពីភូមិតូចមួយនាភាគកណ្តាលប្រទេសព័រទុយហ្គាល់ ដែលជាប្រទេសកំណើតរបស់ Bobi ថា Bobi បានបង្កើតការចងចាំល្អៗជាច្រើនសម្រាប់មនុស្ស និងជាពិសេសសម្រាប់ក្រុមគ្រួសាររបស់លោក។
Bobi ស្ថិតនៅក្នុងអម្បូរឆ្កែ Rafeiro ដែលជាឆ្កែចិញ្ចឹមសម្រាប់មើលថែសត្វ ដែលជាទូទៅមានអាយុសង្ឃឹមរស់ពីចន្លោះ ១២ ទៅ ១៤ ឆ្នាំប៉ុណ្ណេះ។
លោក Leonel Costa បាននិយាយថា លោកមានអាយុត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ ពេល Bobi កើតមក រួមជាមួយកូនឆ្កែ៣ក្បាលផ្សេងទៀត នៅក្នុងឃ្លាំងស្តុកឈើមួយកន្លែងរបស់គ្រួសារត្រកូល Costa ក្នុងភូមិ Conqueiros ។ លោក Leonel Costa បានបន្តថា ដោយសារតែគ្រួសារលោកមានសត្វចិញ្ចឹមច្រើនពេក ឪពុករបស់លោកក៏សម្រេចចិត្តថា ផ្ដាច់កូនឆ្កែទាំងអស់ពីមេវាឈ្មោះ Gira។ ប៉ុន្តែឪពុករបស់លោកមិនដឹងទេថា នៅសល់កូនឆ្កែមួយក្បាល នោះគឺ Bobi។
បើតាម Guinness World Records ឆ្កែ Bobi បានស្លាប់ក្នុងអាយុ ៣១ ឆ្នាំ និង១៦៥ ថ្ងៃ។
លោក Leonel Costa បាននិយាយថា Bobi មានអាយុវែងដោយសារកត្តាមួយចំនួន រួមទាំងការរស់នៅដោយសុខសាន្តក្នុងទីជនបទ មិនដែលជាប់ច្រវាក់ ឬខ្សែចង ហើយតែងតែស៊ី «អាហាររបស់មនុស្ស»។
មុនពេលពេលស្លាប់ Bobi នៅតែចូលចិត្តដើរ ប៉ុន្តែមិនសូវចូលចិត្តត្រាចចរផ្សងព្រេងដូចមុនទេ។ រោមរបស់វាកាន់តែស្តើងឡើងៗ ហើយភ្នែកក៏កាន់តែយ៉ាប់ទៅៗ និងត្រូវការសម្រាកច្រើនជាងមុន។
លោកស្រី Karen Becker ពេទ្យសត្វដែលបានជួប Bobi ច្រើនដង និងជាអ្នកដំបូងគេដែលប្រកាសការស្លាប់របស់ Bobi លើបណ្តាញសង្គម បាននិយាយថា៖ «ទោះបីជាវាមានអាយុលើសពីសត្វឆ្កែទាំងអស់នៅក្នុងប្រវត្តិសាស្ត្រក៏ដោយ ក៏ប៉ុន្តែរយៈពេល ១១ ៤៧៨ ថ្ងៃដែលវារស់នៅលើផែនដី នៅតែមិនគ្រប់គ្រាន់ទេសម្រាប់អ្នកដែលស្រឡាញ់វា។ សូមទៅឱ្យបានសុខ Bobi»៕ ប្រែសម្រួល៖ ហួន ឌីណា