រយៈពេលមួយខែមានខេត្តចំនួន១២ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់
ភ្នំពេញ៖ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃទី២៤ ខែតុលាថា ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ មានខេត្តចំនួន១២ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ខេត្តដែលរងផលប៉ះពាល់នោះរួមមាន ខេត្តបន្ទាយមានជ័យ កំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន និងខេត្តកំពង់ស្ពឺ ដែលសរុបមាន ៦៣ក្រុង-ស្រុក និងមាន២៥៣ឃុំ-សង្កាត់ ខណៈដែលប្រជាជនប៉ះពាល់ ៥៨ ៦៥៤គ្រួសារ ស្មើនឹង ២៣៤ ៦១៦នាក់។

លោកបន្តថា ក្រៅពីនេះ ក៏បានប៉ះពាល់ដល់ផ្ទះប្រមាណ ៣២ ៣៧៣ខ្នង, សាលារៀន ១៧៦សាលា, វត្តអារាម ៣៩កន្លែង, សត្វពាហនៈ ១០ ០៣៩ក្បាល, ដំណាំស្រូវប៉ះពាល់ ៥១ ៦៤៥ហិកតា, ដំណាំស្រូវខូតខាត ១៩ ៦២៥ហិកតា និងផ្លូវប្រមាណ ៥៤៩គីឡូម៉ែត្រ។

លោក សុទ្ធ គឹមកុលមុន្នី បញ្ជាក់ថា ៖ «យើងពុំទាន់បានវាយតម្លៃស្រូវដែលខូចខាតនៅក្នុងតំបន់ទឹកមិនទាន់ស្រកនូវឡើយទេ ហើយចំពោះហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅពេលទឹកស្រក ក្រសួងជំនាញនឹងធ្វើការវាយតម្លៃបន្ថែមទៀត»។
បើតាមអ្នកនាំពាក្យដដែល បានអះអាងថា ជាកិច្ចអន្តរាគមន៍ក្នុងការឆ្លើយតបគ្រោះទឹកជំនន់នេះ ទាំងក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ទាំងកាកបាទក្រហម អង្គការជាតិ-អន្តរជាតិ និងសប្បុរសជន បានចូលរួមផ្ដល់អំណោយសង្គ្រោះដល់គ្រួសារដែលទទួលរងគ្រោះទឹកជំនន់ ហើយមានជីវភាពខ្វះខាតបានប្រមាណ ១០ ២៧៦គ្រួសារ។
ដោយឡែក យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែតុលា បានឱ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាលប្រទេសថៃទៅសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងពេលនេះ ខ្យល់មូសុងនិរតីបានបង្កើនកម្លាំងបក់មកលើសមុទ្រអាន់ដាមែន (Andaman Sea) និងឈូងសមុទ្រថៃ។

សេចក្តីប្រកាសបន្តថា ឥទ្ធិពលនេះនឹងមានលំហូរខ្យល់បក់ពីទិសខាងត្បូង នាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។
ក្រសួងបញ្ជាក់ថា ៖ «ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០ភាគរយ ទៅ ៦០ភាគរយ»។
ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៤០ភាគរយ ទៅ ៥០ភាគរយ។ ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពធាតុអាកាសនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀងផងដែរ។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ ខែតុលា បានចុះពិនិត្យស្ថានភាព ទឹកតាមសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយលោកបានលើកឡើងនាពេលនោះថាស្ថានភាពទឹកស្ទឹងព្រែកត្នោត នឹងវិលមករកសភាពធម្មតាវិញក្នុងរយៈពេលពីរទៅបីថ្ងៃមុខខាងទៀត។
តែទោះជាយ៉ាងណា ឯកឧត្តមក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស រួមនឹងមន្ទីរធនធានទឹក ត្រូវរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន បន្តការតាមដានយកចិត្តទុកដាក់ឱ្យបានខ្ពស់លើបញ្ហាទឹកជំនន់នេះទៀតផងដែរ៕ ដោយ៖ ជា សុខនី