ចិនដករដ្ឋមន្ត្រីក្រសួងការពារជាតិចេញពីតំណែង ទំនងជាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ

ប៉េកាំង៖ នៅថ្ងៃទី២៤ ខែតុលា ប្រទេសចិនបានដកលោក លី សាងហ្វ៊ូ (Li Shangfu) ចេញពីតួនាទីរបស់គាត់ជារដ្ឋមន្ត្រីការពារជាតិ និងជាទីប្រឹក្សារដ្ឋ ដែលនេះជាការដកតំណែងមេដឹកនាំជាន់ខ្ពស់លើកទីពីរហើយក្នុងរយៈពេលបីខែមកនេះ ពោលគឺកាលពីខែកក្កដា ចិនបានដកតំណែងលោក ឈីន កាង (Qin Gang) ដែលជារដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋផងដែរ។ ការសម្រេចចិត្តនេះត្រូវបានអនុម័តដោយសមាជិកសភាកំពូលរបស់ប្រទេសចិន ឬហៅថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិប្រជាជនចិន។

ការដករដ្ឋមន្ត្រីការពារជាតិនេះផងដែរ រដ្ឋាភិបាលចិនមិនមានការពន្យល់ពីហេតុផលអ្វីទេហើយក៏មិនទាន់មានបេក្ខជនជំនួសដើម្បីចូលកាន់ដំណែងមួយនេះនោះដែរ។ ដូច្នេះហើយ ក្នុងរយៈពេលនេះប្រទេសចិនមិនមានរដ្ឋមន្ត្រីការពារជាតិនោះទេ ខណៈដែលខ្លួនកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិកាស្ដីពីវិស័យការពារជាតិមួយនៅថ្ងៃទី២៩ ដល់ទី៣១ ខែតុលា ដែលនឹងមានមន្ត្រីការពារជាតិមកពីបណ្ដាប្រទេសផ្សេងៗចូលរួមផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីពីររូបទៀត គឺលោក វ៉ាង ជីកាង (Wang Zhigang) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលោក លៀវ ឃុន (Liu Kun) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏ត្រូវបានដកចេញពីមុខតំណែងផងដែរ ប៉ុន្តែជំនួសវិញដោយលោក យីន ហឺជុន (Yin Hejun) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី និងលោក ឡាន ហ្វូអាន់ (Lan Fo’an) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី។

«ការដកតំណែងរបស់លោក ឈីន និងលោក លី បានឆ្លុះបញ្ចាំងពីភាពខុសឆ្គងនៃការដឹកនាំរបស់លោក ស៊ី ជីនភីង (Xi Jinping) ព្រោះវាបានបង្ហាញថា លោកបានជ្រើសរើសមនុស្សខុសឱ្យទៅកាន់តំណែងដ៏សំខាន់បែបនេះ» ។នេះជាការលើកឡើងរបស់លោក យុន ស៊ុន (Yun Sun) ដែលជាសហការីជាន់ខ្ពស់ និងជានាយកកម្មវិធីចិននៅមជ្ឈមណ្ឌលស្ទីមសុន (Stimson) ក្នុងទីក្រុងវ៉ាស៊ីនតោន បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP។

លោកបានបន្តថា ៖ «យ៉ាងណាក៏ដោយ លោក ស៊ី ជីនពីង មានទំនុកចិត្តថា ការសម្រេចចិត្តរបស់លោកនឹងមិនមានផលប៉ះពាល់ធំដុំនោះទេ បើទោះបីជាការសម្រេចចិត្តនេះមិនសូវមានការគាំទ្រពីសាធារណៈជនក៏ដោយ។ គាត់សុខចិត្តផ្លាស់ប្តូររដ្ឋមន្ត្រីរបស់គាត់ប្រសិនបើចាំបាច់ ដែលនេះបង្ហាញថា គាត់មានអំណាចគ្រប់គ្រង និងឥទ្ធិពលខ្លាំងណាស់»។

ការស៊ើបអង្កេតជុំវិញមូលហេតុនៃការដកតំណែងរបស់លោក លី អាចនឹងចំណាយពេលយូរ ដូច្នេះហេតុផលពិតប្រាកដប្រហែលជាមិនអាចត្រូវបានគេដឹងនាពេលឆាប់ៗខាងមុខនោះទេ ។នេះបើយោងតាមលោក ស៊ុន អះអាង។ លោក លី ដែលមានអាយុ ៦៥ ឆ្នាំ បានបាត់ខ្លួនពីក្រសែភ្នែករបស់សាធារណៈជនកាលពីពីរខែមុន ពោលគឺចាប់តាំងពីលោកមិនបានចូលរួមកិច្ចប្រជុំមួយនៅប្រទេសវៀតណាម។

កាលពីខែមុនសារព័ត៌មានរ៉យទ័រ (Reuters) ធ្លាប់បានរាយការណ៍ថា លោកកំពុងត្រូវបានគេស៊ើបអង្កេតពីបទពុករលួយ។ លោក លី បានចូលកាន់តំណែងរបស់លោកនៅក្នុងខែមីនា ហើយត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ដោយអ្នកការទូត និងអ្នកសង្កេតការណ៍ផ្សេងៗទៀត។ ស្រដៀងទៅនឹងលោក ឈីន ដែរគឺលោកបានកាន់តំណែងទីប្រឹក្សារដ្ឋមួយក្នុងចំណោមតំណែងទីប្រឹក្សារដ្ឋទាំងប្រាំរូបរបស់ប្រទេសចិន ដែលជាតួនាទីគណៈរដ្ឋមន្ត្រីឋានៈខ្ពស់ជាងរដ្ឋមន្ត្រីធម្មតា។

លោក លី បានចាប់ផ្ដើមលេចធ្លោនូវកេរ្តិ៍ឈ្មោះបន្តិចម្ដងៗ ក្រោមកម្មវិធីទំនើបកម្មយោធារបស់ប្រធានាធិបតី ស៊ី។ លោកគឺជាវិស្វករអវកាសម្នាក់ ដែលបានធ្វើការលើកម្មវិធីផ្កាយរណបរបស់ប្រទេសចិន។ ជំនាញរបស់លោកក្នុងនាមជាអ្នកបច្ចេកទេស គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបំពេញគោលដៅមហិច្ឆតារបស់លោក ស៊ី ពាក់ព័ន្ធនឹងការបង្កើនប្រសិទ្ធភាពកងទ័ពចិន។

ក្នុងឆ្នាំ២០១៦ លោក លី ធ្លាប់បានក្លាយជាមេបញ្ជាការរងនៃកងទ័ពចិន ក្នុងជួរកងកម្លាំងជំនួយយុទ្ធសាស្ត្រ ដែលជាក្រុមឯកទេសផ្តោតលើការជំរុញសមត្ថភាពអវកាស និងសង្គ្រាមអ៊ីនធឺណិតរបស់ចិន។ លោកបានដឹកនាំអង្គភាពលទ្ធកម្មយោធាពីឆ្នាំ២០១៧ រហូតដល់លោកបានកាន់តួនាទីជារដ្ឋមន្ត្រីការពារជាតិ។

នៅក្នុងសេចក្តីប្រកាសមួយកាលពីខែកក្កដា ទីភ្នាក់ងាររដ្ឋាភិបាលចិនមួយបានប្រកាសកែលម្អដំណើរការដេញថ្លៃ និងលើកទឹកចិត្តសាធារណៈជនឱ្យរាយការណ៍ពីភាពមិនប្រក្រតីណាមួយចាប់ពីឆ្នាំ២០១៧ មក។ យ៉ាងណាក៏ដោយ ពួកគេមិនទាន់បានប្រកាសអំពីអ្វីដែលពួកគេបានរកឃើញនៅឡើយទេ៕ ប្រែសម្រួល៖ ធា សុណា

ads banner