មេដឹកនាំ៖ ក្រុងហុងកុងនឹងបង្កើតច្បាប់សន្តិសុខជាតិថ្មីនៅឆ្នាំ២០២៤

ហុងកុង៖ មេដឹកនាំក្រុងហុងកុង លោក ចន លី (John Lee) និយាយនៅថ្ងៃពុធទី ២៥ ខែតុលាឆ្នាំ២០២៣នេះថា ទីក្រុងនឹងបង្កើតច្បាប់សន្តិសុខជាតិថ្មីនៅឆ្នាំ ២០២៤ ពោលគឺជិតបួនឆ្នាំបន្ទាប់ពីក្រុងប៉េកាំងដាក់ចេញច្បាប់សន្តិសុខជាតិសម្រាប់ក្រុងពាក់កណ្ដាលស្វយ័តនេះ ដោយបង្កការរិះគន់ថា ជាឈ្នាន់ដើម្បីបំបិទសំឡេងប្រឆាំង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក លី បាននិយាយក្នុងអំឡុងសុន្ទរកថាមួយនាថ្ងៃទី២៥ ខែតុលាថា៖ «ប្រទេសមួយចំនួន កំពុងធ្វើឱ្យខូចដល់ប្រទេសចិន និងការអនុវត្តប្រទេសមួយ ប្រព័ន្ធពីរនៅក្រុងហុងកុង»។ មេដឹកនាំដែលរដ្ឋាភិបាលក្រុងប៉េកាំងតែងតាំងរូបនេះបានបន្តថា៖ «កងកម្លាំងខាងក្រៅ នៅតែបន្តជ្រៀតជ្រែកក្នុងកិច្ចការហុងកុងប៉ុន្តែក្រុងនេះបន្តការពារសន្តិសុខជាតិ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ និងយន្តការអនុវត្តច្បាប់ពាក់ព័ន្ធរបស់ខ្លួន»។

លោក លី បានបន្ថែមថា ៖ «រដ្ឋាភិបាល(ក្រុងហុងកុង)កំពុងរុលទៅមុខ លើការរៀបចំជម្រើសនីតិប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព ហើយនឹងបញ្ចប់កិច្ចការនេះនៅឆ្នាំ ២០២៤ ដើម្បីបំពេញកាតព្វកិច្ចតាមរដ្ឋធម្មនុញ្ញរបស់យើង»។

គួរបញ្ជាក់ថា ក្រោមច្បាប់មូលដ្ឋាន ឬរដ្ឋធម្មនុញ្ញខ្នាតតូចរបស់ហុងកុង ក្រុងនេះត្រូវបង្កើតច្បាប់សន្តិសុខជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាក់ទងនឹងសន្តិសុខចំនួនប្រាំពីររួមទាំងការក្បត់ជាតិ និងចារកម្ម។

មកទល់ពេលនេះ ភារកិច្ចរបស់រដ្ឋាភិបាលមិនទាន់បានសម្រេចឡើងនៅឡើយទេ ដោយបានអូសបន្លាយជាង ២៥ មកហើយ រាប់តាំងពីក្រុងនេះត្រឡប់ទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនវិញ។ ការប៉ុនប៉ងបង្កើតច្បាប់នេះចុងក្រោយធ្វើឡើងក្នុងឆ្នាំ ២០០៣ ប៉ុន្តែត្រូវបានផ្អាកវិញក្រោយប្រជាជនហុងកុងកន្លះលាននាក់ដើរតាមផ្លូវដើម្បីបង្ហាញការប្រឆាំងតវ៉ា។

ទោះជាយ៉ាងណាក៏ដោយ គិតមកត្រឹមដំណាច់ខែកញ្ញា មនុស្សចំនួន ២៨០ នាក់ត្រូវបានចាប់ខ្លួន និង ៣០ នាក់ រងការកាត់ទោសក្រោមច្បាប់សន្តិសុខជាតិបច្ចុប្បន្ន ដែលចិនដាក់ចេញក្នុងឆ្នាំ ២០២០។ នេះបើតាមការិយាល័យសន្តិសុខរបស់ហុងកុង។

គួររំឭកថា បាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំបានផ្ទុះឡើងក្នុងក្រុងហុងកុងនៅឆ្នាំ ២០១៩ ដោយមនុស្សរាប់សែននាក់បានដើរតាមផ្លូវអំពាវនាវសុំសិទ្ធិសេរីភាពឱ្យទូលាយជាងមុន រួមមានទាំងភាពឯករាជ្យពីរដ្ឋាភិបាលចិន។

ជាការឆ្លើយតប ទីក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខជាតិ ដើម្បីដាក់ទោសឧក្រិដ្ឋកម្មធំៗចំនួន៤ រួមមាន ការបះបោរ វិទ្ធង្សនា អំពើភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេស ដោយមានទាំងទោសជាប់ពន្ធនាគាររហូតដល់អស់មួយជីវិត ។ក្រុមអ្នករិះគន់បាននិយាយថា ច្បាប់នេះមានប្រសិទ្ធិភាពខ្លាំង ក្នុងការបំបិទសំឡេងប្រឆាំង៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner