អាល្លឺម៉ង់ នឹងបន្តគាំទ្រក្រសួងការងារលើវិស័យអាទិភាព ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពបន្ថែមទៀត
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាលោក ស្តេហ្វិន ម៉េសសឺរឺរ (Stefan Messerer) បានលើកឡើងថា រាជរដ្ឋាភិបាលភាគីអាល្លឺម៉ង់ នៅតែបន្តគាំទ្រដល់ភាគីកម្ពុជា ពិសេសក្រសួងការងារលើកិច្ចសហប្រតិបត្តិការវិស័យអាទិភាព ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាព និងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យទាំងនេះ។
ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាដូច្នេះ នៅក្នុងជំនួបពិភា ក្សាការងារជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការងារតាមប្រព័ន្ធតេឡេក្រាម។

តាមរយៈក្រសួងការងារ ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក ស្តេហ្វិន ម៉េសសឺរឺរ បានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារអាទិភាពមួយចំនួន។
លោកថា ៖ «អាល្លឺម៉ង់ នៅតែបន្តគាំទ្រកម្ពុជាលើវិស័យអាទិភាព រួមមាន វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាព និងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យទាំងនេះបន្ថែមទៀត»។
ជាកិច្ចឆ្លើយតប ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និងទីភ្នាក់ងាររបស់ខ្លួន ដែលតែងតែជួយជ្រោមជ្រែងក្នុងចង្កោមសកម្មភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមបានថ្លែងថា ៖ «រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ និងទំនាក់ទំនងវិជ្ជាជីវៈ និងការបំពាក់ជំនាញស្តង់ដារដែលមានការទទួលស្គាល់ពីទីផ្សារការងារទៅដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សកម្ម និងមានផលិតភាពការងារខ្ពស់»។

អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានថ្លែងគាំទ្រ និងសារទរ ថានេះគឺជារឿងល្អដែលក្រសួងការងារ និងភាគីអាល្លឺម៉ង់ បានធ្វើការពង្រឹងលើការលើកកម្ពស់វិស័យការងារពាក់ព័ន្ធនឹងជំនាញបច្ចេកទេសដល់យុវជន និងប្រជាពលរដ្ឋកម្ពុជា ដើម្បីបំពេញតម្រូវការការងារនាពេលបច្ចុប្បន្ន និងអនាគត។
សូមជម្រាបដែរថា ក្នុងជំនួបនោះដែរ ឯកឧត្តម ហេង សួរ ក៏បានប្រាប់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ពីគម្រោងបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកនេះឱ្យមានជំនាញជាក់លាក់ ហើយទទួលបានការងារធ្វើសមរម្យដែលទីផ្សារការងារទទួលស្គាល់។
ក្រៅពីនេះ លោករដ្ឋមន្ត្រី ក្រសួងការងារ ថែមទាំងបានស្នើភាគីអាល្លឺម៉ង់ ឱ្យបន្តនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការអភិវ ឌ្ឍនៅកម្ពុជា និងឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន