សៀវភៅ «សម្តេចតេជោ ហ៊ុន សែន: អ្នកគូសវាសជោគវាសនាកម្ពុជា» ជាភាសាអង់គ្លេស ត្រូវបានសម្ពោធជាផ្លូវការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថារាជបណ្ឌិត្យសភាកម្ពុជា (RAC) បានបកប្រែសៀវភៅក្រោមចំណងជើងថា «សម្តេចតេជោ ហ៊ុន សែន៖អ្នកគូសវាសជោគវាសនាកម្ពុជា» ជាភាសាអង់គ្លេសរួចរាល់ហើយ។

សៀវភៅដែលនិយាយពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរប្រវត្តិសាស្រ្តសម័យទំនើបកម្ពុជា គឺជាស្នាដៃរបស់លោក កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលមានតម្លៃជាមេរៀនការទូត ហើយសៀវភៅនេះបោះពុម្ពជាភាសាខ្មែរកាលពីឆ្នាំ២០២២ ក្រោមការចាត់ចែងរបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ។

លោក គិន ភា បានឱ្យដឹងថា លោកជាអ្នកចាត់ចែងការបកប្រែស្នាដៃសៀវភៅនេះ ទៅជាភាសាអង់គ្លេស «SAMDECH DECHO HUN SEN: MAN OF CAMBODIA’S DESTINYÈ» ដែលក្រុមការងារមានចំនួនបួននាក់ បានចំណាយពេលជាងប្រាំមួយខែក្នុងការបកប្រែសៀវភៅនេះដោយទទួលបានជោគជ័យ និងបានប្រកាសសម្ពោធជាផ្លូវការក្នុងវេទិកាភ្នំពេញ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា ៖ «ការបកប្រែនេះមានការលំបាកខ្លះៗដែរ ដោយសារជាឯកសារពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបចាប់ពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០, ១៩៧០ និង១៩៨០ ជាពិសេសមានការលំបាកទៅលើពាក្យបច្ចេកទេសមួយចំនួនដែលពាក់ព័ន្ធនឹងមនោគមវិជ្ជានយោបាយគ្រាសម័យនោះ ក៏ដូចជាឈ្មោះទីតាំងភូមិសាស្រ្តមួយចំនួនទៅវៀតណាម ដែលក្រុមការងារលំបាកក្នុងការសរសេរជាភាសាអង់គ្លេស»។

លោក គិន ភា លើកឡើងបន្តថា សៀវភៅនេះបានរំលេចពីរឿងសម្ងាត់ក្នុងជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន និងបញ្ហានយោបាយ ប្រហែលពី ៧០ភាគរយ ទៅ៨០ភាគរយ ដែលមិនមាននរណាធ្លាប់ដឹង ហើយជាស្នាដៃដែលមានតម្លៃផ្នែកការទូតជាខ្លាំង ដោយបានឆ្លុះបញ្ចាំងពីរបបការទូតនៃរដ្ឋតូចដូចជាកម្ពុជាក្នុងការតស៊ូក្នុងព្យុះភ្លៀងសង្គ្រាមត្រជាក់ ក៏ដូចជាការរើបម្រាស់ខ្លួនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

សៀវភៅនេះ ក៏និយាយពីការតស៊ូទាំងលំបាកក្រោមគំនាប និងសម្ពាធអន្តរជាតិ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ និងដំណើរស្វែងរកសន្តិភាពពេញលេញដែលពុំធ្លាប់មានរយៈពេល ៥០០ឆ្នាំ។

លោក គិន ភា សង្កត់ធ្ងន់ថា ៖ សៀវភៅនេះ ផ្ដល់ព័ត៌មានបានគ្រប់គ្រាន់ដល់មជ្ឈដ្ឋានអ្នកអានបរទេស ដើម្បីស្វែងយល់ពីសម្ដេចតេជោ ហ៊ុន សែន និយាយដោយឡែក និងកម្ពុជានិយាយជារួម ក៏ដូចជាបរិបទនយោបាយតំបន់ និងពិភពលោកផងដែរ»។

លោកបានបន្តថា កន្លងមកបរទេសមួយចំនួនពុំដែលយល់ពីរបៀបដែលកម្ពុជាប្រឹងរស់យ៉ាងត្រដរពីរបបប្រល័យពូជសាសន៍ និងកិច្ចខិតខំស្វះស្វែងរកសន្តិភាពនោះឡើយ ជាពិសេសពីរបៀបដែលកម្ពុជាអាចអភិវឌ្ឍន៍ប្រទេសរហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន។

លោកថា ៖ «ការទូតនៃរដ្ឋតូចរបស់កម្ពុជា គឺពិតជាមេរៀនដ៏សំខាន់មួយសម្រាប់ពិភពលោក ដែលចាំបាច់ត្រូវតែសិក្សា រៀនសូត្រ ជាពិសេស គឺស្វែងយល់ពីរបៀបដែលសម្ដេចតេជោ កាច់ចង្កូតការទូតកម្ពុជាក្នុងឋានៈជារដ្ឋតូចមួយ ដែលអាចប្រឈមនឹងសម្ពោធអន្ដរជាតិផង និងប្រឹងរស់ឡើងវិញ ស្តារ កសាង និងអភិវឌ្ឍជាតិ រហូតក្លាយជារដ្ឋមួយ ដែលដើរតួនាទីយ៉ាងសំខាន់ និងសកម្ម នៅក្នុងកិច្ចការតំបន់ និងអន្ដរជាតិ»។

ជាមួយគ្នានេះ បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងបន្ថែមថា ស្នាដៃនេះមានតម្លៃសត្យានុម័តសម្រាប់ប្រវត្តិសាស្រ្តកម្ពុជា ក៏ដូចជាមេរៀនសម្រាប់ពិភពលោកផង ខណៈលោកហ៊ុន សែន ជាតួអង្គសំខាន់មួយរូបក្នុងដំណើរប្រវត្តិសាស្ត្រសម័យទំនើប និងជាម៉ូដែលគំរូមួយក្នុងផ្នែកកាទូត ដែលជាបុគ្គលសំខាន់នាំយកសន្តិភាព និងការអភិវឌ្ឍន៍រយៈពេលយូរដល់កម្ពុជា។

លោកបានថ្លែងថា ៖ «ការបកប្រែស្នាដៃសៀវភៅអំពីសម្តេចតេជោ ហ៊ុន សែន ដែលនិពន្ធដោយលោក កែវ បាភ្នំ ទៅជាភាសាអង់គ្លេសនេះនឹងចូលរួមចំណែកបង្កើនភាពងាយស្រួលដល់ការសិក្សាស្វែងយល់អំពីកម្ពុជាពីសំណាក់ជនបរទេស ជាពិសេសពាក់ព័ន្ធកម្ពុជាសម័យទំនើប»។

ពាក់ព័ន្ធនឹងចំនុចនេះដែរ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាអ្នកធ្លាប់បានសរសរស្នាដៃមួយចំនួនពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងដែរថា សៀវភៅ «សម្តេចតេជោ ហ៊ុន សែន៖ អ្នកគូសវាសជោគវាសនាកម្ពុជា» ជាឯកសារមានតម្លៃសម្រាប់ផ្គូរផ្គងប្រវត្តិសាស្រ្តកម្ពុជារយៈពេល ៥០០ ឆ្នាំចុងក្រោយ ហើយដែលជាស្នាដៃដែលយុវជនខ្មែរគួរអាន។

លោកបន្ថែមថា ៖ «ការបកប្រែសៀវភៅនេះ ទៅជាភាសាអង់គ្លេស គឺជាឱកាសដ៏ល្អមួយ ក្នុងការធ្វើឱ្យមិត្តបរទេសបានដឹងកាន់តែច្បាស់ពីដំណើរ និងរបត់នយោបាយ និងការដឹកនាំដ៏ស្មុគស្មាញរបស់មហាបុរសរដ្ឋកម្ពុជា គឺសម្តេចតេជោហ៊ុនសែន»៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner