កាណាដា និងអង្គការដៃគូ នឹងបន្តគាំទ្រសកម្មភាពមីន និងជួយជនពិការដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសកាណាដា និងអង្គការដៃគូ នឹងបន្តគាំទ្រកម្ពុជាលើការងារបោសសម្អាតមីន និងជួយជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគាំទ្រដល់សហគមន៍ឱ្យទទួលបាននូវឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឬការបង្កើតមុខរបរថ្មីមួយផងដែរ។
នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសកាណាដាប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាកាលរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

តាមរយៈហ្វេសប៊ុកផ្លូវការឯកឧត្តមបាននិយាយថា ៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសកាណាដាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងនោះរួមមានការគាំទ្រដល់ការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីន ជាដើម»។
យោងតាមអាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា រយៈពេលជាង ៣០ឆ្នាំ នៃសកម្មភាពមីន កម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ព្រមទាំងទទួលបាននូវបទពិសោធន៍គ្រប់គ្រាន់ក្នុងការចូលរួមចែករំលែកជំនាញ និងចំណេះដឹងរបស់ខ្លួនទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ដែលទទួលរងគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ដូចកម្ពុជាដែរ។

ប្រភពដដែលបន្តថា ជាមួយនឹងបទពិសោធន៍ទាំងនេះ កម្ពុជាធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ ឬសិក្ខាសាលា ឬសន្និសីទជាច្រើនទាំងថ្នាក់តំបន់ និងសកលលោក ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ជាដើម។
ដោយឡែក នៅថ្ងៃដដែលនោះដែរ ឯកឧត្តម លី ធុជ ក៏បានជួបជាមួយមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ (Exceed Worldwide), អង្គការ ICRC និងសមាគម KhAPO ផងដែរ។

ឯកឧត្តមបានលើកឡើងថា មជ្ឈមណ្ឌល Exceed Worldwide, អង្គការ ICRC និងសមាគម KhAPO ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបីបាច់ថែទាំ និងការផ្តល់សេវាកម្មនានាដល់ជនមានពិការភាព ជាពិសេសជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម រួមទាំងការគាំទ្រសហគមន៍ឱ្យទទួលបាននូវឱកាសអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗជាដើម។
លោកបានអះអាងថា ៖ «សម្រាប់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ គឺមានន័យថា កម្ពុជាគ្មានទុកជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ»។

តាមរយៈអាជ្ញាធរមីនកម្ពុជាដដែលនេះដែរ លោក Carson Harte នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ (Exceed Worldwide) ក៏បានលើកឡើងពីសកម្មភាពមួយចំនួនរបស់មជ្ឈមណ្ឌល ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាអស់រយៈពេលជិត ២៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨៩ ក្នុងការស្តារកាយសម្បទា ការបណ្តុះបណ្តាល និងការលើកកម្ពស់គុណភាពជីវិតដល់ជនមានពិការភាពរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោក Carson Harte បានថ្លែងថា ៖ «យើងចង់ឃើញជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា រួមទាំងក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវការថែទាំបីបាច់កាន់តែប្រសើរឡើង»៕ ដោយ៖ ជា