លោក ចូ បៃដិន ទំនងជួបជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់របស់ចិននៅថ្ងៃសុក្រ

អាមេរិក៖ក្រោយភាពល្អក់កករនៃទំនាក់ទំនងចិន-អាមេរិក ក្នុងរយៈពេលចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់របស់ចិនបានសម្រេចធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដែលដំណើរទស្សនកិច្ចនេះត្រូវ បាន​គេចាត់ទុកថាជារឿងដ៏កម្រ ដើម្បីស្ដារទំនាក់ទំនងឡើងវិញ។

ដំណើរទស្សនកិច្ចនេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែតុលា ឆ្នាំ ២០២៣ ដោយលោក វ៉ាង យី (Wang Yi )រដ្ឋមន្ត្រីការបរទេសចិន នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីនកេន(Antony Blinken) និងទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ចូ បៃដិន(Joe Biden) គឺលោក Jake Sullivan។

ដោយឡែកក្នុងជំនួបជាមួយ លោក Jake Sullivan នៅសេតវិមាននាថ្ងៃសុក្រ ទី២៧ ខែតុលាខាងមុខនេះ លោក វ៉ាង យី  ក៏ទំនងជាអាចជួបលោកប្រធានាធិបតី ចូ បៃដិន ផងដែរ។ ប៉ុន្តែ សេតវិមាន មិនបានធ្វើអត្ថាធិប្បាយបញ្ជាក់ពីវត្តមានលោក ចូ បៃឌិន នៅក្នុងជំនួបនោះនៅឡើយ។

ជាមួយគ្នានេះ គេមិនទាន់អាចនិយាយបានទេ ជំនួបរបស់មន្រ្តីជាន់ខ្ពស់ទាំងពីរនឹងមានសារសំខាន់ប៉ុណ្ណានោះ ប៉ុន្តែកន្លងមក សូម្បីតែជំនួបក្រៅផ្លូវការក្នុងរយៈពេលដ៏ខ្លីជាមួយមន្ត្រីជាន់ខ្ពស់ចិន កាលពីអំឡុង​កិច្ចប្រជុំ​កំពូល G20 ក៏ត្រូវបានចាត់ទុកថា ជាការផ្សារភ្ជាប់ទំនាក់ទំនងដ៏សំខាន់ផងដែរ។

យោងតាម ការចុះផ្សាយរបស់សារព័ត៌មាន Aljazeera កាលពីថ្ងៃទី ២៤ ខែតុលា កន្លងទៅបានពណ៌នាថា ​ជំនួប​ខាងលើ​នេះទំនងជាគ្របដណ្តប់លើបញ្ហាជាច្រើន ដែលរួមមានទាំងជម្លោះអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស សង្រ្គាមអ៊ុយក្រែន ព្រមទាំងភាពតានតឹងកើនឡើងនៅក្នុងសមុទ្រ​ចិនខាងត្បូងផង។

ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះ អាមេរិក និងចិន នៅតែបន្តលូកដៃក្នុងសង្គ្រាមដោយឈរលើ និន្នាការផ្ទុយគ្នាដាច់ស្រឡះ។ ជាក់ស្ដែង ទីក្រុងវ៉ាស៊ីនតោន កំពុងបញ្ជូនជំនួយយោធា​ទៅកាន់​ប្រទេស​អ៊ីស្រាអែល និងអ៊ុយក្រែន ខណៈទីក្រុងប៉េកាំង បានកាន់តែខិតទៅជិតរុស្ស៊ី ចាប់តាំងពី​សង្គ្រាម​អ៊ុយក្រែន​បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

គួររំឭកថា លោក បៃដិន ធ្លាប់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកគ្រោងនឹងបន្ថែមការប្រកួតប្រជែងជាមួយប្រទេសចិនទៅលើផ្នែកសេដ្ឋកិច្ច នយោបាយ និងវិស័យផ្សេងទៀត ប៉ុន្តែលោកអះអាងថា អាមេរិកមិនចង់បានជម្លោះជាមួយចិននោះទេ។

ទន្ទឹមនឹងនោះ លោក បៃដិន ​ក៏​នៅលើកឡើងពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងបាន​ព្រមាន​ចិន ​ពី​ការ​ឈ្លានពាន​មក​លើ​ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ៕

ប្រែសម្រួល៖ កែវ បុស្បា

ប្រភព៖ https://www.reuters.com/world/biden-set-speak-with-chinas-top-diplomat-wang-yi-friday-sources-say-2023-10-26/

ads banner