ថ្នាក់ដឹកនាំកីឡា កងយោធពលខេមរភូមិន្ទ មានមោទនភាពចំពោះស្នាដៃ កីឡាករម៉ូតូទឹកឈ្នះមេដាយកម្រិតពិភពលោក នៅអាមេរិក
(ភ្នំពេញ)៖ កីឡាករ កៃវ៉ាន់ ស៊ីដែន និងកីឡាករ សាលី ហ្វីលីន ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ។

នៅក្នុងពិធីសំណេះសំណាល ឯកឧត្តម ខូវ ឆាយ ក៏បានកោតសរសើរដល់ក្រុមការងារ និងគ្រូបង្វឹកក្លឹបកីឡាម៉ូតូទឹកកងយោធពលខេមរភូមិន្ទ ដែលបានខិតខំជួយអភិវឌ្ឍជំនាញកីឡានេះឲ្យទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ បូករួមទាំងជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣ កន្លងមកដែរ។ កីឡាករ កៃវ៉ាន់ ស៊ីដែន មានក្របខណ្ឌក្នុងកងយោធពលខេមរភូមិន្ទ ខណៈរៀបចំស្នើសុំគោលការណ៍ការលើកទឹកចិត្តដល់កីឡាករ សាលី ហ្វីលីន ឱ្យមានក្របខណ្ឌនាពេលខាងមុខផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា តំណាងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទពិតជាមានក្តីរំភើបសប្បាយរីករាយខ្លាំងណាស់ ដែលកីឡាករ កៃវ៉ាន់ ស៊ីដែន និងកីឡាករ សាលី ហ្វីលីន ក្លឹបកីឡាទ័ពមានស្នាដៃដណ្តើមបានមេដាយមាស ពីសហរដ្ឋអាមេរិក ដែលជាការប្រកួតប្រជែងខ្ពស់ ហើយធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង និងបន្តត្រៀមប្រកួតម៉ូតូទឹកកម្រិតពិភពលោក (Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៤ នៃវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៣ខាងមុខ ។

គួរបញ្ជាក់ថា ក្រុមកីឡាករម៉ូតូទឹកកម្ពុជា ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត ប្រធានក្រុមម៉ូតូទឹកកម្ពុជាបានដឹកនាំចូលរួមប្រកួតព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ដណ្តើមបានមេដាយសរុប៩គ្រឿង មាស៤គ្រឿង ប្រាក់ ៤ គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង។ ក្នុងនោះកីឡាករ កៃវ៉ាន់ ស៊ីដែន មេដាយមាស ១គ្រឿង និងកីឡាករ សាលី ហ្វីលី មេដាយមាស ២គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ១គ្រឿង អ្នកទាំងពីរ នៅក្លឹបកីឡាកងទ័ព ៕

ចាន់ វិចិត្រ