មន្ត្រី និងពលរដ្ឋ អះអាងថា មិនមានករណីធ្វើផ្លូវ សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្បែរតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះទេ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថាមកដល់ពេលនេះទាំងមន្រ្តី អាជ្ញាធរមូលដ្ឋាន និង ពលរដ្ឋបានលើកឡើងថាមិនមានករណីធ្វើផ្លូវ សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្បែរតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះដូចការចុះផ្សាយបណ្តាញសារព័ត៌មានមួយចំនួននោះឡើយ។
ជាមួយការលើកឡើងបែបនេះក្រសួងបរិស្ថានក៏បានអះអាងអំពីការរឹតបន្តឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រាប់កូនចៅជំនាន់ក្រោយ។

ក្រសួងបានបន្តឱ្យដឹងថាជាក់ស្ដែងនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលជាតំបន់ការពារធម្មជាតិមួយចំនួនក្នុងចំណោមតំបន់ការពារធម្មជាតិកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិនោះក៏ត្រូវបានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ការពារទាំងនោះ គឺប្តេជ្ញារួមគ្នាមិនឱ្យមានបទល្មើសធនធានធម្មជាតិកើតឡើងនោះទេ។

ជុំវិញកិច្ចការងារការពារធនធានធម្មជាតិនេះ លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» បានបញ្ជាក់ថា កន្លងមកនេះមន្ត្រីឧទ្យានុរក្ស និងសហគមន៍ ប្រជាពលរដ្ឋរបស់លោកដូច «មាត់ និងធ្មេញ» គឺបានសហការយកចិត្តទុកដាក់ការចូលរួមការពារធនធានធម្មជាតិនៅក្នុងតំបន់ភូមិសាស្ត្រការពារធម្មជាតិព្រៃឡង់នេះ។

លោកមេឃុំបឹងរូបនេះ បានបញ្ជាក់បន្ថែមថា សម្រាប់ឃុំបឹងចារ របស់លោក គឺមានប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ហើយពលរដ្ឋទាំងនោះភាគច្រើន កំពុងប្រកបមុខរបរកសិកម្ម និងមួយចំនួនទៀតគាត់កំពុងទទួលផលពីការងារនៅចំការឈើដាំ។ ដោយឡែកមួយចំនួនទៀត បានបន្តចេញទៅធ្វើការងារនៅរាជធានីភ្នំពេញ។

លោក ហ៊ុល សឿង បានគូសបញ្ជាក់ថា សម្រាប់ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានឃុំបឹងចារ ពួកគាត់មានដីផ្ទាល់ខ្លួន ដោយបានបន្ថែមការដាំដំណាំផ្សេងៗជុំវិញផ្ទះ។
ទាក់ទិនទៅនឹងការចុះផ្សាយតាមបណ្តាញព័ត៌មានមួយចំនួនថាមានករណីលួចធ្វើផ្លូវចូលតំបន់ព្រៃឡង់ ដើម្បីដឹកឈើចេញនោះ, ត្រូវបានលោកមេឃុំបឹងចារ បញ្ជាក់ឱ្យដឹងថា «គឺមិនមាននោះទេ ដោយសារតែតំបន់ព្រៃនេះគ្របដណ្ដប់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះនេះ គឺមានក្រុមហ៊ុនវិនិយោគចំការឈើដាំរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក (Think Bio-Tech) និងក្រុមហ៊ុនដាំដំណាំកសិកម្មមួយចំនួនទៀត។ សមត្ថកិច្ច និងក្រុមហ៊ុនបានរឹតបន្តឹងក្នុងការចេញចូលជាពិសេសការទប់ស្កាត់ការដឹកជញ្ជូន និងការកាប់បំផ្លាញធនធានធម្មជាតិឆ្លងកាត់ចំការឈើដាំ និងទីតាំងដំដាំកសិឧស្សាហកម្មមួយចំនួនទៀត» ។

ឆ្លើយតបនឹងករណីនេះដែរ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានអះអាងថា កន្លងមកនេះសម្រាប់ភូមិសាស្ត្រព្រៃឡង់ ដែលមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងគ្រប់គ្រង គឺមិនមានបបទល្មើសកាប់ទន្ទ្រានព្រៃឈើទ្រង់ទ្រាយធំនោះទេ តែជាសកម្មភាពប្រជាពលរដ្ឋគាត់កាប់ឈើសម្រាប់ធ្វើសម្ភារៈ និងលំនៅដ្ឋានតូចតាចប៉ុណ្ណោះ»។

ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែងរូបនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទីនេះតទៅ គឺមិនមានលើកលែងនោះទេ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ។ សមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីនៃច្បាប់ បញ្ជូនទៅតុលាការចំពោះអ្នកប្រព្រឹត្តបទល្មើសទាំងនោះ ។
លោកបានបញ្ជាក់បន្ថេមថា«កន្លងមកនេះមានព័ត៌មានចុះផ្សាយថាមានការលួចដឹកឈើចេញព្រៃឡង់ ប៉ុន្តែ តាមការអង្កេតមើលរូបភាពផ្លូវដែលត្រូវបានយកទៅផ្សព្វផ្សាយថាជាផ្លូវធ្វើថ្មីសម្រាប់ដឹកឈើចេញពីតំបន់ព្រៃឡង់នោះ គឺជាផ្លូវចាស់ ខ្ញុំគិតថាសម្រាប់ព័ត៌មានដែលចុះផ្សាយនេះជាព័ត៌មានមិនច្បាស់លាស់ ហើយរូបភាពនេះជារូបចាស់ មន្ទីរបានស្រាយបំភ្លឺរួចហើយកាលមុនពិធីបុណ្យចូលឆ្នាំ សកម្មភាពនេះមន្ទីរបានដាក់សំណុំរឿងទៅតុលាការហើយ»។

ដូចគ្នាដែលបើតាមលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការចុះផ្សាយជុំវិញការលួចធ្វើផ្លូវចូលព្រៃឡង់ សម្រាប់ដឹកឈើចេញនោះ គឺមិនមានទេ ហើយរូបភាពផ្លូវដែលផ្សាយមិនពិតនោះ គឺជាផ្លូវចាស់ដែលបានបបោះបង់ចោលយូរហើយ ខណៈមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងចុះល្បាត និងអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះជនល្មើសធនធានធម្មជាតិ»។

ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឱ្យដឹងថា សម្រាប់ផ្លូវចេញពីព្រៃឡង់ភ្ជាប់មកដីក្រុមហ៊ុន ស៊ីង បាយ អូថេក ជាដានផ្លូវចាស់ដែលប្រជាជនប្រើប្រាស់រកជ័រទឹកនៅរដូវប្រាំង ដោយអាចធ្វើដំណើរដោយថ្នើរជើង និងតាមរយៈម៉ូតូ តែប៉ុណ្ណោះ។

លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុចនោះមក មន្ត្រីឧទ្យានុរក្សបានខិតខំពពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺពួកគាត់បន្តចុះល្បាតដូចភ្លៀងរលឹមនៅតាមតំបន់ការពារធម្មជាតិ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានមន្ទីរបរិស្ថានខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានលើកឡើងព្រមគ្នាអំពីការអំពីចំណាត់ការយ៉ាងតឹងរឹងចំពោះការគ្រប់គ្រងធនធានធម្មជាតិជាពិសេសនៅពេលថ្មីៗនេះ ដោយអនុវត្តតាមការបទបញ្ជារបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចំនួន ៤ចំណុច ដែលធ្វើឱ្យបបទល្មើសបំផ្លាញធនធានធម្មជាតិមិនមានកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនោះទេ ជាពិសេសនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់»។

គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃឡង់ ស្ថិនតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ យោងតាមអនុក្រឹត្យ លេខ ១៨១ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» មានទំហំ ៤៨៩,៦៦៣.០០ហិកតា ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner