ក្រសួងប្រៃសណីយ៍លើកទឹកចិត្តក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន ពង្រឹងការវិនិយោគបន្ថែមផ្នែកប្រៃសណីយ៍និងបច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់ គណៈប្រតិភូ EU-ABC និង Eurocham ប្រចាំនៅកម្ពុជា ជំរុញ និងពង្រឹងការវិនិយោគបន្ថែមផ្នែកប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ វឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុង រៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែង ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការពង្រឹងគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ព្រមទាំងការរៀបចំផែនទីបង្ហាញផ្លូវលើបច្ចេកវិទ្យា 5G ដែលស្របតាមដំណាក់កាលអភិវឌ្ឍនៃវិស័យទូរគមនាគមន៍។

ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាស អនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កិច្ចពិភាក្សានេះមានគោលបំណងដើម្បីពង្រីកកិច្ចសហការធុរកិច្ចរបស់សភាពអឺរ៉ុបជាមួយវិស័យឯកជន និងសាធារណៈ នៅ កម្ពុជា ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប ជាពិសេសលើវិស័យ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

លោក JENS RUEBBERT បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែល បានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ជាតំណាងក្រុមហ៊ុនធំៗក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថ ហើយលោកសង្ឃឹមថា ស្ថាប័នទាំងពីរនេះនឹងមានកិច្ចសហការបន្តជាមួយគ្នានាពេលមុខបន្ថែមទៀត។ ក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Zuellig Pharma, ក្រុមហ៊ុន DHL និងតំណាងរបស់ Eurocham ប្រចាំនៅកម្ពុជា បានសាកសួរអំពីសកម្មភាពជាយុទ្ធសាស្ត្ររបស់ ក.ប.ទ. នៅក្នុងការគាំទ្រវិស័យឯកជនពាក់ព័ន្ធនឹងឌីជីថលូបនីយកម្មវិស័យសុខាភិបាល ការគាំទ្រដល់បរិវត្តកម្មឌីជីថលរបស់ SMEs ក្នុងស្រុក ក៏ដូចជាទិសដៅការងាររបស់ក្រសួងពាក់ព័ន្ធនឹងការប្រើប្រាស់ 5G ផងដែរ៕


ដោយ ង៉ាន់ ទិត្យ