ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបពិភាក្សាជាមួយនិង អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជាផ្តោតលើការពង្រឹងភាពជាដៃគូ និងយុទ្ធសាស្ត្រ សម្រាប់ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងក្រុមការងារ ចូលពិភាក្សាការងារ ផ្តោជាសំខាន់លើការពង្រឹងភាពជាដៃគូ និងយុទ្ធសាស្ត្រ សម្រាប់ពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍធនធានមនុស្សឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងអំណរគុណលោកស្រី Alissar Chaker ដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ តែងតែផ្តល់ជំនួយក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីវឌ្ឍនភាពរបស់ក្រសួង ក្នុងការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការប្រើប្រាស់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនលោកស្រីតំណាង UNDP ប្រចាំនៅកម្ពុជា អំពីការងារអាទិភាពក្នុងការជំរុញបរិវត្តកម្មនៅតាមក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ។

លោកស្រី Alissar Chaker បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងចូលរួមអបអរសាទរចំពោះសមិទ្ធផលនានា ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល ដែលប្រទេសកម្ពុជាសម្រេចបាន។ បន្ថែមលើនេះ លោកស្រីក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តបន្តគាំទ្ររបស់ UNDP លើការជួយកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច និងជាពិសេសគាំទ្រដល់ការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ជាកិច្ចបញ្ចប់ ឯកឧត្តមមន្ត្រីបានថ្លែងអំណរគុណចំពោះ លោកស្រី Alissar Chaker ចំពោះឆន្ទៈ និងការប្តេជ្ញារបស់លោកស្រី ក្នុងការរួមចំណែកអភិវឌ្ឍវិស័យឌីជីថល សេដ្ឋកិច្ចនិងសង្គមកម្ពុជា និងបានជូនពរឱ្យលោកស្រី និងក្រុមការងារទទួលបានជោគជ័យការងារបន្ថែមទៀត។

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner