កម្មករនិយោជិត នៃរោងចក្រចំនួន ៣៩ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលលើកទី៩
(ភ្នំពេញ)៖ កម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ក្នុង ខែ កក្កដា ខែសីហា និង ខែកញ្ញា ឆ្នាំ២០២៣ នៃរោងចក្រទាំង ៣៩ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលលើកទី៩។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣នេះបានឱ្យដឹងថាកម្មករនិយោជិតដែលបានទទួលបានប្រាក់ឧបត្ថម្ភនេះបន្ទាប់ពីទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យា ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលកន្លងមក។ជាមួយគ្នានេះធនាគារ វីង នឹងផ្ញើសារអំពី ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក នាពេលកន្លងមក។

សម្រាប់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ទឹកប្រាក់៨១ ០០០រៀល (២០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ ។ទឺកប្រាក់ ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។
ក្រសួងបានរំឭកថា ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) មក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ ឧបត្ថម្ភនេះ។
ក្រសួងការងារបានឱ្យដឹងដែរថា៖ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រទាំង៣៩ នេះ មិនបានទទួលសារទូរសព្ទពីធនាគារវីង (ខេមបូឌា) មក នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក របស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករនិយោជិតរោងចក្រដទៃផ្សេងទៀត ដែលទីទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ ៕
ដោយ៖ម៉ាដេប៉ូ


