ឯកឧត្តម ឈិន កេតនា ៖ មន្ទីពេទ្យសម្ដេចឪ សម្ដេចម៉ែ ផ្តល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋទទួលបាននូវលទ្ធផលគួរជាទីមោទនៈ
ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា បានលើកឡើងថា មន្ទីពេទ្យសម្ដេចឪ សម្ដេចម៉ែ ជាពិសេសការព្យាបាលជំងឺជូនប្រជាពលរដ្ឋទទួលបាននូវលទ្ធផលគួរជាទីមោទនៈបំផុត។ ឯកឧត្តម បន្ថែមថា សកម្មភាពយ៉ាងមមាញឹករបស់លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់ជាន់ថ្នាក់ ក្នុងកាតព្វកិច្ចថែទាំអ្នកជំងឺប្រកបដោយទឹកចិត្តមេត្តា ករុណា មនុស្សធម៌ ពិសេសបានប្រកាន់ភ្ជាប់នូវក្រមសីលធម៌ប្រកបដោយកាយវិការសុភាពរាបសា ដែលជាកម្លាំងលើកទឹកចិត្តមួយចំណែកធំ ធ្វើអោយអ្នកជំងឺ និងសាធារណជនទូទៅ គោរពស្រលាញ់យ៉ាងជ្រាលជ្រៅជាទីបំផុត។ ទាំងនេះគឺជាឱសថយ៉ាងសក្កិសិទ្ធសម្រាប់ព្យាបាលជំងឺផ្លូវចិត្តផងដែរ ក្រៅពីឱសថវេជ្ជសាស្ត្រ ហើយនេះគឺជាអ្វីដែល លោកគ្រូ អ្នកគ្រូពេទ្យ បានខិតខំយ៉ាងសកម្មបំពេញកាតព្វកិច្ចដ៏ឧដុង្គឧត្តម ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីប្រកបដោយបញ្ញាវាងវៃ និងគតិបណ្ឌិត។
ការលើកឡើងរបស់ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅក្នុងឱកាសអញ្ជើញសួរសុខទុក្ខនិងនាំមកនូវអំណោយមួយចំនួនរបស់អន្តរក្រសួងចែកជូន លោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យពហុព្យាបាល សម្ដេចឪ សម្ដេចម៉ែ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែតុលា ២០២៣។
ឯកឧត្តម ឈិន កេតនា បានសម្តែងនូវគាវរភក្តីសមានចិត្តប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អ កម្លាំងមាំមួន និងព្រះបញ្ញាវៀងវៃ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧដុង្គឧត្តម ថ្លៃថ្លាជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ និងជាព្រះម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើនរុងរឿង ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជាអង្វែងតរៀងទៅ។
ឯកឧត្តម ក៏បានសម្តែងនូវមនោសញ្ជេតនា អបអរសាទរប្រកបដោយគារវភក្តី និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងទិវាដ៏ប្រកបដោយអភិលក្ខិតសម័យ សិរីមង្គលដ៏រុងរឿងក្នុងព្រះរាជពិធីបុណ្យគម្រប់ខួបលើកទី ១៩ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី ២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ៕
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព រិន រចនា






