កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍អប់រំចិន-អាស៊ានលើកដំបូងនៅដើមខែធ្នូ ខាងមុខ

ភ្នំពេញ៖ សមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរការអប់រំ និងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា នឹងរៀបចំពិព័រណ៍អប់រំចិន-អាស៊ានជាលើកដំបូងនៅប្រទេសកម្ពុជា នៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ នៅផ្សារទំនើបអូឡាំព្យា ដើម្បីធ្វើការទាក់ទាញនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនឲ្យបានកាន់តែច្រើនបន្ថែមទៀត។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍អប់រំចិន-អាស៊ាន នៅព្រឹកថ្ងៃទី២៨ ខែតុលានេះថា កម្មវិធីពិព័រណ៍អប់រំចិន-អាស៊ាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានសិក្សានៃសាកលវិទ្យាល័យនានារបស់ប្រទេសចិន ជូនដល់សិស្សានុសិស្សនៅកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅប្រទេសចិននាពេលអនាគត មួយផ្នែកទៀតក៏អាចទាក់ទាញសិស្សានុសិស្សរបស់ប្រទេសចិនមកបន្តការសិក្សានៅប្រទេសកម្ពុជាវិញដូចគ្នា។

លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរការអប់រំ បានបញ្ជាក់ថា ការរៀបចំតាំងពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងធ្វើការផ្លាស់ប្ដូររវាងចិន និងអាស៊ាន ក៏ដូចជាប្រទេសកម្ពុជាផងដែរ ទាក់ទងនឹងវិស័យអប់រំ។ លោកបន្តថា បើតាមក្រសួងអប់រំចិន បច្ចុប្បន្នមានប្រទេសចំនួន ១៥ បានបញ្ជូនសិស្សទៅរៀននៅប្រទេសចិន ក្នុងនោះមាន ១២ប្រទេសនៅទ្វីបអាស៊ី ៧ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងនោះថៃឈរលំដាប់ទី ១ បន្ទាប់មកឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឡាវ។ ចំណែកប្រទេសកម្ពុជា មានសិស្សរៀននៅចិនតិចជាងគេ គឺស្ថិតនៅលំដាប់ប្រទេសទី ១៥។

យោងតាមតួលេខរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា មាននិស្សិតកម្ពុជាប្រមាណ ៥០០ នាក់បានទៅសិក្សានៅប្រទេសចិនជារៀងរាល់ឆ្នាំ។ លោកបន្ថែមថា ដូចនេះទើបយើងរៀបចំពិព័រណ៍នេះឡើង ដើម្បីផ្សព្វផ្សាយពីវិស័យអប់រំនៅប្រទេសកម្ពុជាដល់សិស្សនិស្សិតកម្ពុជាបានយល់ដឹង ព្រោះពិព័រណ៍នេះមានការផ្តល់អាហារូបករណ៍ ៥០០កន្លែង សម្រាប់ផ្តល់ជូនដល់និស្សិតកម្ពុជា និងមានសាកលវិទ្យាល័យជាង ៥០កន្លែងមកពីប្រទេសចិន និងសាកលវិទ្យាល័យនៅកម្ពុជាជាង ៥០កន្លែងចូលរួមពិព័រណ៍ផងដែរ ដោយរំពឹងថា ក្នុងរយៈពេល ២ថ្ងៃ នឹងមាននិស្សិតចូលរួមទស្សនាពិព័រណ៍ប្រមាណ ២០,០០០នាក់។ លោកសង្ឃឹម និងជឿជាក់ថា តាមរយៈពិព័រណ៍នេះ នឹងផ្តល់ឱកាសព័ត៌មាននានាដល់សិស្សានុសិស្សនៅកម្ពុជាដែលមានបំណងទៅសិក្សានៅប្រទេសចិន៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner