ឯកឧត្តម អ៊ាង សុផល្លែត ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងរាជសម្បត្តិ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទាំងអស់ សូមក្រាបបង្គំទូលថ្វាយករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចកកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម ៖

ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនាសាទរយ៉ាងក្លៀវក្លា និងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណរបស់ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជ ហឫទ័យគង់នៅជាម្លប់ដ៏សុខក្សេមក្សាន្ត និងដ៏ត្រជាក់ត្រជុំរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវស្វាមីភក្តិឥតងាករេ ដង្ហែតាមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាង របស់ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងមានជំនឿយ៉ាងមុតមាំលើព្រះបញ្ញាញាណ ប្រកបដោយ ព្រះទសពិធរាជធម៌ និងព្រះសក្ដានុពលយ៉ាងត្រចះត្រចង់ ក្នុងព្រះរាជបេសកកម្មបម្រើជាតិ មាតុភូមិអង្គរដ៏បវរ។ ឆ្លៀតឱកាសដ៏មហោឡារិកនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់ អស់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមី ដួងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមជួយថែរក្សា អភិបាលនិងប្រោះព្រំព្រះសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ថ្វាយ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង សូម ព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៌ និងមានព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាយូរអង្វែងតរៀងទៅ។

សូម ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តា ទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner