រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើកកម្ពស់ជីវភាពរស់នៅដែលធន់នឹងអាកាសធាតុសម្រាប់សហគមន៍ផលិតស្រូវនៅ តំបន់ទន្លេសាប

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានទទួលហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានសកល (GEF) តាមរយៈអង្គ ការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) សម្រាប់អនុវត្តគម្រោង“ការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)”។

ដើម្បីប្រកាសផ្តើមអនុវត្តគម្រោងនេះ អគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន (MoE) និងដោយ មានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលា ប្រកាសផ្តើមអនុវត្តគម្រោងនេះ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញអំពីទិដ្ឋភាពទូទៅរបស់គម្រោងដល់ភាគីពាក់ព័ន្ធ ទទួល យោបល់ត្រឡប់ និងពិភាក្សាអំពីសកម្មភាពព្រមទាំងយុទ្ធសាស្ត្រក្នុងការអនុវត្តដើម្បីសម្រេចបានលទ្ធផល តាម ការគ្រោងទុក។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមាន ប្រសាសន៍ថា៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួនពីរសម្រាប់វិស័យកសិកម្ម តាមរយៈការណែនាំយន្តការ សម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានដែលលើកកម្ពស់ផលិតកម្មកសិកម្ម ការទទួលបានទីផ្សារ និងស្ថិរភាព តម្លៃក្នុងកម្រិតសមហេតុផល ក៏ដូចជាការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ ដែលមានសកម្មភាព កសិកម្មនៅទូទាំងប្រទេស និងបង្កើតសហគមន៍កសិកម្មនៅតាមជនបទ។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ អាងទន្លេសាបមិន គ្រាន់តែជាតំបន់ភូមិសាស្ត្រដែលមានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសរសៃឈាមសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ដែលពឹងផ្អែកលើធនធានសម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោកបណ្ឌិត ជូ ជ័យធីរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានគម្រោង PCRL បានមានប្រសាសន៍ថា៖ គម្រោងនេះមានគោលបំណងដើម្បីកាត់បន្ថយភាពងាយរងគ្រោះដោយសារ អាកាស ធាតុរបស់សហគមន៍ដាំស្រូវ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រជាសហគមន៍ដាំស្រូវ នៅតំបន់បឹងទន្លេសាប តាមរយៈការអនុវត្តវិធីសាស្រ្តផលិតកម្មកសិកម្មផ្អែកលើប្រព័ន្ធអេកូឡូស៊ី និងជំរុញ ចរន្តទីផ្សារ។

ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយកគម្រោង PCRL បានមានប្រសាសន៍ថា៖ គម្រោងនេះ អនុវត្តក្នុងខេត្តគោលដៅនៅជុំវិញបឹងទន្លេសាបចំនួន៥គឺ៖ ខេត្តពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ ,សៀមរាប, និងខេត្តកំពង់ធំ ដែលជាតំបន់ដាំដុះដំណាំស្រូវដ៏សំខាន់ ដែលមានភ្លៀងធ្លាក់ច្រើន ប៉ុន្តែលទ្ធភាពប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រមានកម្រិត និងជាទីដែលសហគមន៍ងាយរង គ្រោះភាគ ច្រើនមានលទ្ធភាពបន្សុំាតិចតួចទៅនឹងការប្រែប្រួលអាកាសធាតុ។

កញ្ញា Rebekah Bell តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ ក្រោម គម្រោងក្របខណ្ឌនៃគម្រោង PCRL, អង្គការ FAO ក៏រីករាយផងដែរក្នុងការសហការជាដៃគូជា មួយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ឆ្ពោះទៅរកផលិតកម្មកសិកម្មចម្រុះទូលំទូលាយ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍កសិកម្មប្រកប ដោយនិរន្តរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ផលិតស្រូវដែលរស់នៅជុំវិញបឹងទន្លេសាប៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner