សត្វទោចថ្ពាល់លឿងជាអ្នកសម្តែង និង ជាអ្នកអធិរាជសំនៀងក្នុងព្រៃព្រឹក្សា
(ភ្នំពេញ)៖”ដឹងទេ! អ្នកក៏អាចកម្សាន្តការសម្តែងចម្រៀងតន្ត្រីនៅក្នុងព្រៃបានដែរ តែនេះមិនមែនជាការសម្តែងដោយមនុស្សនោះទេ វាគឺជាការសម្តែងរបស់ «អធិរាជសំនៀងព្រៃព្រឹក្សា» របស់យើង គឺ សត្វទោចថ្ពាល់លឿង”។នេះជាការលើកឡើងរបស់ក្រុមអ្នកអភិរក្សនៃអង្គការ USAID មរតកបៃតង។
បើតាមអង្គការ USAID មរតកបៃតងបានឱ្យដឹងពីជីវិតរបស់ សត្វទោចថ្ពាល់លឿងថា សត្វប្រភេទនេះត្រូវបានគេឱ្យឈ្មោះថា ជាអ្នកចម្រៀងដែលមានសំនៀងដ៏គ្រលួចប្រចាំព្រៃព្រឹក្សា។ សត្វទោចញី និងសត្វទោចឈ្មោល តែងច្រៀងឆ្លងឆ្លើយគ្នាជាគូ បង្កើតបានជាសំឡេងតន្ត្រីធម្មជាតិដ៏អស្ចារ្យ ដែលអាចទាក់ចិត្តរបស់អ្នកទេសចរនិងបង្កើតពេលវេលាដ៏ល្អសម្រាប់ពួកគេនៅក្នុងធម្មជាតិ។
ប្រភពដដែលនេះបានបញ្ជាក់ឱ្យដឹងបន្ថែមថា” បទពិសោធន៍ដ៏ពិសេសនេះ មិនមាននៅទីណាក្រៅពីជំរុំសត្វទោច ចាហ៊ូ (កែវសីមា)នោះឡើយ។ នៅពេលដែលអ្នកបានទស្សនា តែងបានទទួលអារម្មណ៍រីករាយជាមួយនឹងការសម្តែងនេះ និងអ្នកក៏បានរួមចំណែកធ្វើក្នុងការការពារ មើលថែ និងអភិរក្សសត្វទោចនិងទីជម្រករបស់ពួកវា ក៏ដូចជាគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច ដែលមានទីលំនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីផងដែរ។
យោងតាមឯកសារស្រាវជ្រាវបានបង្ហាញថា៖ទោចថ្ពាល់លឿងជាទូទៅត្រូវបានគេប្រទេះឃើញនៅព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ ទោចថ្ពាល់លឿងជាថនិកសត្វដែលមានរូបរាង និងពណ៌សម្បុរប្រហាក់ប្រហែលគ្នាទៅនឹងទោចម្កុដដែរ រួមទាំងការប្រែពណ៌។ វាជាប្រភេទសត្វដែលគ្មានកន្ទុយ គេអាចកតសម្គាល់ភេទសត្វទោចនេះបានដោយសារ ទោចឈ្មោលមានសម្បុរពណ៌ខ្មៅ លើកលែងតែថ្ពាល់មានរោមពណ៌លឿង។ ចំណែកសត្វញីវិញវាពេញវ័យមានពណ៌លឿង ប៉ុន្តែចំពោះកូនទោចឈ្មោលនៅពេលពេញវ័យវាមានពណ៌ដូចបារបស់វា។ ហើយរក្សាពណ៌នេះរហូតអស់មួយជីវិត។ .
ជាធម្មតាសត្វប្រភេទនេះវារស់នៅជាក្រុមតូចៗពី ២-៥ក្បាល។ ពួកវាចំណាយពេលជាច្រើនម៉ោងនៅលើដើមឈើខ្ពស់ៗ។ ជារឿយៗវាតែងតែហក់លោតពីដើមឈើមួយទៅមួយនៅពេលព្រឹក។ អាហាររបស់វាមាន ផ្លែឈើ ត្រួយឈើ ផ្កា និងសត្វល្អិត។ ទោចញីបង្កើតកូនម្តងបានតែមួយគត់បន្ទាប់ពីពពោះរយៈពេល ២១០ថ្ងៃ។ ចន្លោះរយៈពេលមានកូន ពីមួយទៅមួយគឺ២-៣ឆ្នាំ។ នៅពេលកូនទោចអាយុបានប្រហែល ១ឆ្នាំវាចាប់ផ្តើមរៀនលោតតោងមែកឈើនៅជិតៗមេរបស់វា។ ញី និង ឈ្មោលចូលចិត្តបន្លឺសំឡេងលឺៗរួមគ្នានៅពេលព្រឹក ដែលអាចលឺពី១-២ គ.ម អាស្រ័យលើស្ថានភាពគម្រប់ព្រៃ។ ការបន្លឺសំលងកំរិតអប្បរមាមាននៅម៉ោង៥-៦ ព្រឹកដែលកាលបើបានស្តាប់ហើយប្រៀបដូចសម្លេងតូយ៌តន្រ្តីបំពេរអារម្មណ៍ឱ្យរីករាយគ្រប់ពេលវេលា៕
ដោយ៖ម៉ាដេប៉ូ
