មនុស្សជាង ១០ម៉ឺននាក់ធ្វើបាតុកម្មទាមទារឱ្យនាយករដ្ឋមន្រ្តីបង់ក្លាដេសចុះចេញពីតំណែង
ដាកា៖ មន្រ្តីប៉ូលិសនិយាយថា អ្នកគាំទ្រជាង ១០០,០០០នាក់នៃគណបក្សប្រឆាំងធំៗរបស់ប្រទេសបង់ក្លាដែស ប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីដាកា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ទាមទារឱ្យនាយករដ្ឋមន្ត្រីបង់ក្លាដេស លោកស្រី សេដ្ឋ ហាស៊ីណា ចុះចេញពីតំណែង ដើម្បីអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្រោមរដ្ឋាភិបាលអព្យាក្រឹត។
ការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំនៅថ្ងៃសៅរ៍សប្តាហ៍នេះ ធ្វើឡើងដោយអ្នកគាំទ្រនៃគណបក្សជាតិនិយមបង់ក្លាដែស (BNP) និងគណបក្សអ៊ីស្លាមនិយមធំជាងគេគឺ Jamaat-e-Islami ក្នុងគោលបំណងទាមទារឱ្យនាយករដ្ឋមន្ត្រីបង់ក្លាដេស លោកស្រី សេដ្ឋ ហាស៊ីណា ចុះចេញពីតំណែង ហើយអនុញ្ញាតឱ្យមានការបោះឆ្នោតឡើងវិញ។
ទន្ទឹមគ្នា យ៉ាងហោចណាស់ប៉ូលិស ១០,០០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីការពារអំពើហិង្សា ប៉ុន្តែក្រុមមន្រ្តីបានប៉ះទង្គិចជាមួយក្រុមបាតុកររាប់រយនាក់នៅក្នុងសង្កាត់កាករ៉ែល នៅមុខព្រះវិហារកាតូលិកដ៏ធំបំផុតមួយរបស់ទីក្រុងដាកា ដោយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ។អ្នកនាំពាក្យប៉ូលិសក្រុងដាកា លោក Faruk Hossain បានប្រាប់កាសែត AFP ថា មន្ត្រីម្នាក់បានស្លាប់ និងជាង ១០០នាក់រងរបួស។
សូមជម្រាបថា លោកស្រី ហាស៊ីណា ដែលជាកូនស្រីរបស់អតីតមេដឹកនាំ និងជាស្ថាបនិករបស់ប្រទេសបង់ក្លាដែស បានកាន់អំណាចអស់រយៈពេល ១៥ឆ្នាំ និងបានធ្វើឲ្យប្រទេសមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែក្រោយពេលអតិផរណាកើនឡើង រដ្ឋាភិបាលរបស់លោកស្រីបានរងការចោទប្រកាន់ពីបទពុករលួយ និងការរំលោភសិទ្ធិមនុស្ស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


