អង្គភាពប្រឆាំងអំពើពុករលួយសម្រេចកែសម្រួលសមាសភាពអ្នកសង្កេតការណ៍ស្ម័គ្រចិត្តសម្រាប់ការប្រឡងបាក់ឌុប
(ភ្នំពេញ)៖អង្គភាពប្រឆាំងអំពើពុករលួយ(ACU)នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៣នេះបានចេញសេចក្តីកែសម្រួលមួយ ដល់សមាសភាពអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់សង្កេត ការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យប្រឡង ៦ ខែវិច្ឆិកា ២០២៣ខាងមុខ។
គួរបញ្ជាក់ថាក្នុងការប្រឡងបាក់ឌុបសម័យប្រឡង ៦ ខែវិច្ឆិកា ២០២៣ខាងមុខនេះដែរអង្គភាពប្រឆាំងអំពើពុករលួយបានដាក់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣០៤០ នាក់នៅតាមគ្រប់រាជធានី ខេត្ត ។
ការដាក់ពង្រាយអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយនេះដែរធ្វើឡើងររៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីឱ្យការប្រឡងប្រព្រឹត្តិទៅគោរពតាមគោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួល យកបាន ពោលគឺ “អ្នកចេះជាប់”។
លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡានាថ្មីៗនេះបានឱ្យដឹងថា៖ វិញ្ញាសាប្រឡងត្រូវបានកំណត់ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗមាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសាត្រូវបាន រៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែល ត្រូវចែកជូនបេក្ខជន។
ទាក់ទិនក្នុងការប្រឡងបាក់ឌុបនេះដែរ ឯកឧត្្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា៖”ចំពោះដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ជាមួយគ្នាក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផល ប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស”៕
ដោយ៖ម៉ាដេប៉ូ