ជំនួយដែលផ្ដល់ទៅអ៊ុយក្រែន ពុំបានបង្កើតការងារបន្ថែមសម្រាប់ប្រជាជនអាមេរិក ដូចដែលរដ្ឋាភិបាលបានអះអាងនោះទេ
វ៉ាស៊ីនតោន៖ ថវិការាប់លានដុល្លារ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើជាថវិកាជំនួយទៅកាន់អ៊ុយក្រែន ពុំបានផ្ដល់ជាការងារបន្ថែម ឬជាអត្ថប្រយោជន៍ផ្សេងៗដល់ប្រជាជនអាមេរិក ដូចដែលរដ្ឋាភិបាលអាមេរិកបានអះអាងនោះទេ។
ខណៈពេលដែលថវិកាជាង ៤៤ពាន់លានដុល្លារត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកសព្វាវុធអាមេរិក ក្រោមអំណះអំណាងថា ជាជំនួយយោធាសម្រាប់ទីក្រុងកៀវ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ គេសង្កេតឃើញថាក្រុមហ៊ុនទាំងនោះ មានភាពយឺតយ៉ាវក្នុងការជួលកម្មករអាមេរិក មកបំពេញតម្រូវការបុគ្គលិក ដែលមានការកើនឡើងជាលំដាប់។
ក្រុមអ្នកវិភាគលើវិស័យឧស្សាហកម្មការពារជាតិ ព្យាករណ៍ថា គេត្រូវចំណាយពេលច្រើនឆ្នាំទៀត សម្រាប់រោងចក្រផលិតគ្រឿងសព្វាវុធ ដើម្បីឈានដល់កម្រិតផលិតកម្មមួយដែលអាចចូលរួមចំណែកធំទូលាយទៅក្នុងសេដ្ឋកិច្ច ដូចដែលសហរដ្ឋអាមេរិកចង់បាន ព្រោះបច្ចុប្បន្នវិស័យនេះ នៅជួបប្រទះបញ្ហាដូចជា សង្វាក់ផ្គត់ផ្គង់ ទីផ្សារការងារតូចចង្អៀត និងប្រព័ន្ធដំណើរការដែលគ្មានភាពប្រក្រតី។
ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់អ៊ុយក្រែនប្រមាណ ៧៥ពាន់លានដុល្លារ ដែលរួមមានជាលក្ខណៈជំនួយផ្នែកសប្បុរសធម៌ ហិរញ្ញវត្ថុ និងយោធា៕
ប្រភព៖ RT ប្រែសម្រួលដោយ ឈឹម ទីណា