ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុន ប្រចាំឆ្នាំ២០២៣ មានអ្នកចូលរួមជាង ១ពាន់នាក់

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធី «ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣» រយៈពេល២ថ្ងៃគឺ នៅថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) មានសិស្ស និស្សិត និងមហាជនទូទៅចូលរួមប្រមាណ ១៥០០នាក់។

តាមរយៈកម្មវិធីនេះ បានផ្ដល់ឱកាសដល់សិស្សនិស្សិត ក៏ដូចជាសាធារណជន បានបង្ហាញពីចំណាប់អារម្មណ៍ ឬមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន បានចូលរួមស្វែងយល់អំពីព័ត៌មានផ្សេងៗពីសាកលវិទ្យាល័យ ក៏ដូចជាការដាក់ពាក្យស្នើសុំចូលរៀន និងព័ត៌មានទូទៅនៃការស្វែងរកកន្លែងស្នាក់នៅក្នុងប្រទេសជប៉ុនផងដែរ ។ ពិសេសជាងនេះទៅទៀត អ្នកចូលរួមពិព័រណ៍ឆ្នាំនេះ ក៏ទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងអាហារូបករណ៌ផ្សេងៗដែលផ្ដល់ជូនពីស្ថាប័នដៃគូរនានាក្នុងឆ្នាំនេះ។ ចំពោះសាកលវិទ្យាល័យ និងស្ថាប័នទាំងនេះ នឹងធ្វើបទបង្ហាញជូនដល់សិស្សនិស្សិត និងសាធារណជនទាំងអស់ឱ្យបានយល់ដឹងអំពីបេសកកម្មរបស់ពួកគេរៀងៗខ្លួនផងដែរ ។

លោកបណ្ឌិត ឃឹម លាង នាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានឱ្យដឹងថា ការធ្វើពិព័រណ៍ការសិក្សានេះ គឺនៅក្នុងគោលបំណង ផ្សព្វផ្សាយឱកាសនៃការសិក្សាដល់សិស្ស និស្សិត ចង់បន្តការសិក្សានៅប្រទេសជប៉ុន បានស្វែងយល់ ហើយបានជួបផ្ទាល់ជាមួយនិង តំណាងសាកលវិទ្យាល័យដែលបានអញ្ជើញមកពីប្រទេសជប៉ុន ដើម្បីឱ្យដឹងថាតើ ការត្រៀមទទួលយកជាអាហាររូបករណ៍ ឬចុះឈ្មោះចូលរៀនវគ្គបង់ថ្លៃ ត្រូវត្រៀមខ្លួនបែបណាខ្លះ ហើយសាកលវិទ្យាល័យនីមួយៗមានលក្ខ័ណ្ឌ អ្វីផ្សេងទៀតក្នុងការទទួលយកសិស្សទៅចូលរៀនបាន។

យុវសិស្ស ចាន់ចេស្តា ដែលបានចូលរួមនៅក្នុងពិព័រណ៍ការសិក្សានេះ បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ពីការសិក្សានៅប្រទេសជប៉ុន ដោយការផ្សព្វផ្សាយ ក៏ដូចជាការផ្តល់នូវព័ត៌មាននៃការសិក្សានៅទីនេះផ្ទាល់មានលក្ខណៈលំអិត ហើយសាលានៅប្រទេសជប៉ុន មានមុខជំនាញល្អៗដែលខ្លួនពេញចិត្ត និងជ្រើសរើសក៏ដូចជាត្រៀមខ្លួននៅក្នុងការ ស្វែងរកឱកាសទៅសិក្សានៅទីនោះផងដែរ។

កញ្ញ ឃុន វត្តីស្រីលក្ខ័ណ៍ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជ៉ុន បានគូសបញ្ជាក់ថា ការជ្រើសទៅសិក្សានៅប្រទេសជប៉ុន ដែលជាប្រទេសជឿនគឺអាស្រ័យទៅលើការជ្រើសរើសពីនិស្សិត ដែលមានបំណងចង់សិក្សានៅទីនោះ ហើយការសិក្សាមិនត្រឹមតែជាភាសជប៉ុននោះទេ គឺមានជាភាសអង់គ្លេសផងដែរ។ កញ្ញាបន្ថែមថា ការសិក្សានៅបរទេសគឺបានបើកទូលាយនូវចំណេះដឹងជំនាញ បទពិសោធន៍នៃការរស់នៅ ក៏ដូចជាបានស្គាល់ និងមានទំនាក់ទំនងជាមួយមិត្តភក្តិមកពីប្រទេសផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ផងដែរថាកម្មវិធីនេះ រៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងការិយាល័យផ្តល់ព័ត៌មានស្តីពីការសិក្សានៅប្រទេសជប៉ុនប្រចាំតំបន់អាស៊ាន ដែលមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងស្ថាប័នអប់រំផ្សេងៗទៀត។ ចំពោះសាកលវិទ្យាល័យដែលចូលរួមពិព័រណ៍ឆ្នាំនេះ មានចំនួន១៣ និងស្ថាបនគាំទ្រដល់ការសិក្សានៅក្នុងប្រទេសជប៉ុនមានចំនួន៥ ផងដែរ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner