គណកម្មាធិការសិទ្ធមនុស្សកម្ពុជា បើកសិក្ខាសាលា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងសិទ្ធិវប្បធម៌

(ភ្នំពេញ)៖ គណកម្មាធិការសិទ្ធមនុស្សកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្ដីអង្កេតសន្និដ្ឋាន នៃរបាយការណ៍ លើកទី២ របស់ប្រទេសកម្ពុជា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងសិទ្ធិវប្បធម៌ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកស្រី អេដា អិល ហាច តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) តំណាងមកពីព្រឹទ្ធសភា រដ្ឋសភា អង្គទូត ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល ។

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ពិភាក្សា និងរៀបចំផែនការអនុវត្តអនុសាសន៍នៅក្នុងសេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់អង្គការសហប្រជាជាតិ ដែលជាគណៈកម្មាធិការទទួលបន្ទុកតាមដាន ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់រដ្ឋភាគី ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា មានកាតព្វកិច្ចក្នុងការសរសេររបាយការណ៍ចំនួន៥ ជូនអង្គការ សហប្រជាជាតិ រួមមាន៖ ១.របាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ២.របាយ ការណ៍សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ៣.របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ៤.របាយការណ៍ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ និង ៥.របាយការណ៍ស្តីពីការការពារជន គ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។ ជាមួយនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏មានភារកិច្ចក្នុងការសរសេរ ឯកសារគោលរួម (Common Core Document) ដែលជាឯកសារនិយាយអំពីព័ត៌មានទូទៅពាក់ព័ន្ធនឹង ប្រទេសកម្ពុជា សម្រាប់ភ្ជាប់ជាមួយរបាយការណ៍តាមសន្ធិសញ្ញាជាក់លាក់នីមួយៗ ដែលទើបតែបានបញ្ជូន ទៅអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងបង្កើនការយល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀតលើអនុសាសន៍ទាំងឡាយនៅក្នុងសេចក្ដីអង្កេតសន្និដ្ឋានរបស់ គណៈកម្មាធិការសិទ្ធិសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលនឹងចូលរួមចំណែកធ្វើឱ្យសម្រេចគោល បំណងសំខាន់របស់យើង គឺការអនុវត្តអនុសាស៍ទាំងនោះឱ្យទទួលបានលទ្ធផលល្អប្រសើរ សម្រាប់បញ្ចូល ក្នុងរបាយការណ៍ជុំបន្ទាប់ ហើយគ្រប់ក្រសួង ស្ថាប័ន និងភាគី ពាក់ព័ន្ធទាំងអស់ នឹងចូលរួមកាន់តែសកម្ម និងប្រកបដោយអត្ថន័យបន្ថែមទៀត ក្នុងដំណើរការនៃការ សរសេររបាយការណ៍សិទិ្ធមនុស្ស និងការពិនិត្យរបាយការណ៍ជាមួយគ្រប់យន្តការសិទិ្ធមនុស្ស ដើម្បីបុព្វហេតុ និងកិត្យានុភាពជាតិយើង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner