ពងក្រួចចំនួន ២០ម៉ឺនគ្រាប់ នាំចេញពីវៀតណាមបម្រុង ចែកចាយ នៅភ្នំពេញ ដោយពុំមានច្បាប់ត្រឹមត្រូវ ត្រូវនគបាលជំនាញបង្ក្រាប បាននៅខណ្ឌច្បារអំពៅ
(ភ្នំពេញ)៖ ក្រុមការងារជំនាញ អន្តរាគមន៍បង្ក្រាបបទល្មើសចលនា សត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការ ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរ កសិកម្មរាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ និង១០នាទី នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ បានចុះឃាត់ចាប់ រថយន្ត ២គ្រឿង ដែលដឹកពងក្រួចចំនួន ២០ម៉ឺនគ្រាប់ នាំចេញពីវៀតណាម បម្រុងចែកចាយនៅភ្នំពេញដោយពុំមានច្បាប់ត្រឹមត្រូវ ដែលស្ថិត ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
រថយន្តទី១ ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹក អ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ ២AG -9783 ពណ៌ស ដឹកស៊ុតសត្វក្រួចចំនួន១០០,០០០ គ្រាប់(ដប់ម៉ឺន)គ្រាប់ ចេញពីប្រទេសវៀតណាមតាមច្រកកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង រួចមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអាជ្ញាតអ្វីទាំងអស់ ។
ចំណែក រថយន្តទី២ពាក់ស្លាកលេខភ្នំពេញ២BA-0453 ពណ៍សម្បក ឪឡឹក ដឹកស៊ុតសត្វក្រួចចំនួន១០០,០០០ គ្រាប់ (ដប់ម៉ឺន)គ្រាប់ និងស៊ុតសត្វមាន់ ៣០០០គ្រាប់(បីពាន់) គ្រាប់ ដឹកចេញពីប្រទេសវៀតណាមតាមច្រកកោះរកាស្រុកពាមជរខេត្តព្រៃវែងរួចយកទៅចែកចាយក្នុងរាជធានីភ្នំពេញដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ដូចគ្នា (នេះតាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុត ក្រួចនិងស៊ុតមាន់) ក្រុមការងារបានឃាត់ចាប់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសទាំង២ខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ ភារ៉ា និង ប៊ុនធី