រដ្ឋមន្រ្តីក្រសួងការងារ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជានិមិត្តរូបថែរក្សាសុខភាពរបស់បងប្អូនកម្មករ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជានិមិត្តរូបដែលកម្មករនិយោជិតគ្រប់គ្នាប្រាថ្នាចង់បាន ពោលគឺធ្វើឱ្យសុខភាពកម្មករទទួលបានការគាំពារ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចធិបតីជាមួយកម្មករនិយោជិត ជិត ២ម៉ឺននាក់នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២៣ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា តាមរយៈបណ្ណ ប.ស.ស. បានធ្វើឱ្យសុខភាពបងប្អូនកម្មករនិយោជិត មាន សុខ ភាពល្អប្រសើរជាងមុនជាបន្តបន្ទាប់ ដោយឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ គឺជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ បងប្អូនកម្មករនិយោជិត ពិសេសតាមរយៈការពង្រីកនូវវិសាលភាព ប.ស.ស. បានជួយកាត់បន្ថយបន្ទុកចំណាយកម្មករបានច្រើន។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា តាមរយៈរបាយការណ៍ កន្លងមកនេះ កម្មករនិយោជិត ឬប្រជាពលរដ្ឋម្នាក់ចំណាយលើការ ថែទាំសុខភាពជាមធ្យមត្រូវចំណាយចន្លោះពី ១៥ ទៅ ២០ដុល្លារ ក្នុងមួយខែក្នុងករណីដែលមិនមានរបបថែទាំសុខភាព។
បន្ថែមពីនេះការបង់ភាគទានសមាជិក ប.ស.ស. ប្រចាំខែរបស់ កម្មករនិយោជិតគឺថៅកែបង់ជំនួសបងប្អូនកម្មករនិយោជិត១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ។ លើសពីនេះទៀត សម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺថៅកែ បានជួយបង់ ភាគទានជូនសមាជិកប្រចាំខែ៥០% ដែលធ្វើឱ្យបងប្អូនកម្មករ និយោជិត សន្សំថវិកាបានប្រមាណជា ៦ដុល្លា ក្នុង ១ខែ និងអាច រក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យនានា ទាំងនៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។
ឯកឧត្តមមានប្រសាសន៍ថា «នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កម្ពុជា ដែលបងប្អូនកម្មករនិយោជិតនៃវិស័យឯកជន ទទួលបាន របបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងរបបសន្តិសុខសង្គម ផ្សេងទៀតដូចមន្ត្រីរាជការដែរ។ គោលនយោបាយគាំពារសង្គមរបស់ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរដល់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតពេញមួយជីវិតតាំងពីកើត រហូតដល់ចាស់ជរា និងទទួលមរណភាព »។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បងប្អូនកម្មករនិយោជិត ឱ្យតែបានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច ១២ខែនៅពេលអាយុ ៦០ឆ្នាំ នឹងទទួលបានប្រាក់សោធននិវត្តន៍ ដោយភ្ជាប់ជាមួយនឹងរបបថែទាំសុខភាព រហូតដល់ទទួលមរណភាព។
តាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ បើគិតពីឆ្នាំ២០១៨ រហូតដល់ត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានបងប្អូនកម្មករនិយោជិត បានទៅព្យាបាលជំងឺជាច្រើនលើក និងច្រើនករណីដោយមិនបង់ប្រាក់ ដែលគិតជាសរុបស្មើនឹងជាង ១៤,៤លានករណី ស្មើនឹងទឹកប្រាក់ប្រមាណជិត ៤០៣,០២លានដុល្លារអាម៉េរិក ឬ ២៨,០៨ដុល្លារអាម៉េរិកក្នុងម្នាក់ក្នុងមួយឆ្នាំ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ក្នុងអំឡុងពេលជួបកម្មករនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ថា ក្រៅពីគិតគូរការដំឡើងប្រាក់បៀវត្សរ៍របស់កម្មករ រាជរដ្ឋាភិបាល ក៏បានគិតគូរអត្ថប្រយោជន៍ផ្សេងៗដល់កម្មការិនីពេលមានផ្ទៃពោះ ព្រមទាំងកូនៗផងដែរ។
សម្រាប់កម្មការិនីម្នាក់ឈ្មោះ ជឿង រ៉ានី បានលើកឡើងថា នៅពេលកម្មការិនីមានផ្ទៃពោះ ខាងមន្ទីរពេទ្យដែលបាន ចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. យកចិត្តទុកដាក់ និងតាមដានតាំងពីពេលពរពោះ រហូតដល់ពេលកើត។
កម្មការីនីរូបនេះនិយាយថា៖ « ខ្ញុំសប្បាយចិត្តណាស់ ពេលមាន ប.ស.ស. ព្រោះយើងអត់សូវមានលុយ ការឧបត្ថម្ភពី ប.ស.ស. គឺជួយកាត់បន្ថយការចំណាយក្នុងគ្រួសារ»។
ស្រដៀងគ្នានេះដែរ កម្មការីនីម្នាក់ទៀតឈ្មោះ ជីម សារ៉ុន បានលើកឡើងថា បណ្ណ ប.ស.ស. មានអត្ថប្រយោជន៍ដល់កម្មករ និយោជិត ហើយកម្មការិនីរូបនេះចង់ឱ្យគ្រប់ សមាជិកក្នុងផ្ទះ មានបណ្ណ ប.ស.ស. ហើយអាចទទួលបានសេវាព្យាបាល និងការឧបត្ថម្ភផ្សេងដូចគ្នាផងដែរ។
សូមជម្រាបថា គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានកម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន ១៥ ៥០១នាក់ កូនចំនួន ១៥ ៦១១នាក់ ដោយបានទៅពិនិត្យសុខភាពមុន-ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុប ៥៣ ៦១៤នាក់ ដែលគ្រាន់តែរយ:ពេល ៣ខែនេះ រាជរដ្ឋាភិបាលបានចំណាយ ថវិកាជាង ៥លានដុល្លារអាម៉េរិកផងដែរ ៕
ដោយ វណ្ណលុក