នយោបាយឈ្នះឈ្នះគឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជាដែលពិភពលោកគួររៀនសូត្រ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទើបតែបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី ២៦ តុលា ឆ្នាំ ២០២៣ ស្តីពីការបង្កើតគណៈកម្មការអន្តរ ក្រសួង មួយដើម្បីប្រារព្ធខួបលើកទី ២៥ ឆ្នាំ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជានិងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ។

សេចក្តីសម្រេចនេះគឺជាភស្តុតាងបញ្ជាក់ថា រាជរដ្ឋាភិបាលបន្ត វេន អណត្តិទី៧នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការរក្សាសន្តិភាព និងផ្តល់តម្លៃយ៉ាងខ្ពស់បំផុតដល់នយោបាយឈ្នះឈ្នះ។

និយាយពីនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាម ដល់ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិកនិងប្រតិបត្តិករផ្ទាល់ ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃ ឯក របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំង ស្រុងនូវ សង្គ្រាម ស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។ ទីបំផុត សន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ ១៩៩៨ ដោយស្នាដៃ«រដ្ឋបុរស»ខ្មែរឈ្មោះតេជោសែន ដោយ ប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា«នយោបាយឈ្នះឈ្នះ»ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា ២០០០ លានដុល្លារក៏មិនទាន់អាចរកសន្តិភាព ពេញលេញជូនកម្ពុជាបាននៅឡើយ។

ដែលហៅថា នយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាម ដោយគ្មាន ការបង្ហូរឈាមនិងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានា អាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិ ឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជា មានអ្វីៗ ដូចសព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រ កើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង។

ជាក់ស្តែង ខណៈដែលប្រជាពលរដ្ឋនៃប្រទេសជាច្រើនកំពុងរងទុក្ខ ដោយសារសង្គ្រាមនិងកំពុងស្រែកដង្ហោយរកសន្តិភាព ប្រជាពល រដ្ឋខ្មែរ កំពុងជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ខណៈដែល ប្រជាជនរាប់រយលាននាក់លើភពផែនដីកំពុងបួងសួងសុំសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងនិយាយដោយអំណរថា«អរគុណសន្តិភាព»។ ដូច្នេះ ពិភពលោកដែលកំពុងព្យាយាមដោយលំបាក លំបិនបំផុត ក្នុងការពន្លត់ភ្លើងសង្គ្រាម ជាពិសេសប្រទេសដែលកំពុងមាន សង្គ្រាម ដោយផ្ទាល់គួរតែមកសិក្សាពីនយោបាយឈ្នះឈ្នះរបស់កម្ពុជាដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងល្អឯកក្នុងការបញ្ចប់សង្គ្រាមដោយគ្មានអ្នកចាញ់។

ថ្នាក់ដឹកនាំកម្ពុជាដែលមានបេះដូងធំទូលាយត្រៀមខ្លួនជានិច្ចក្នុងការចែករម្លែកនូវរូបមន្តដ៏ល្អកម្ររកបាននេះដល់គ្រប់បណ្តាប្រជាជាតិទាំងឡាយណាដែលប្រាថ្នាចង់បានសន្តិភាព។ សន្តិភាពគឺជាសេចក្តីត្រូវ ការ ចាំបាច់របស់មនុស្សជាតិលើភពផែនដី។ សន្តិភាពងាយនឹងបាត់ បង់ ណាស់ ងាយនឹងធ្វើឱ្យមនុស្សស្កប់ស្កល់នឹងវានិងងាយ បំភ្លេច វាចោល ណាស់ ប៉ុន្តែ សន្តិភាពជារបស់ដែលពិបាករកបំផុត ប្រសិន បើវារបូតចេញពីដៃទៅពោលគឺមិនខុសអ្វីពីការមុជទឹករាវរកម្ជុលក្នុងបាតមហាសាគរនោះឡើយ៕

ប្រភព ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner