ប្រតិបត្តិករប៉ាឡេស្ទីនថា បណ្តាញទូរស័ព្ទ និងអ៊ីនធើណិតនៅហ្គាហ្សា ដាច់ដំណើរការទាំងស្រុង

ហ៊្សេរុយសាឡឹម៖ ទីភ្នាក់ងារទូរគមនាគមន៍ប៉ាឡេស្ទីននិយាយថា បណ្តាញអ៊ីនធើណិត និងទូរស័ព្ទ ត្រូវបានកាត់ផ្តាច់ទូទាំងតំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសារការដាច់ចរន្តអគ្គិសនីលើកទីពីរ នៅក្នុងទឹកដីដែលទទួលរងនូវការបំផ្លិចបំផ្លាញពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

ក្រុមហ៊ុនទូរគមនាគមន៍ប៉ាឡេស្ទីន (Paltel) បញ្ជាក់នៅលើបណ្តាញសង្គម X ថា ជូនចំពោះប្រជាជនជាទីស្រលាញក្នុងប្រទេសរបស់យើង… យើងសោកស្ដាយក្នុងការប្រកាសថា បណ្តាញទំនាក់ទំនង និងសេវាអ៊ីនធើណិតត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅក្នុងតំបន់ហ្គាហ្សា។ ប្រព័ន្ធអ៊ីនធើណិត និងបណ្តាញទូរស័ព្ទត្រូវបានកាត់ផ្តាច់ទាំងស្រុងកាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានស្តារឡើងវិញ។

រដ្ឋាភិបាលនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅពេលនោះ ចោទប្រកាន់អ៊ីស្រាអែលថា បានបង្កការបញ្ហានេះ ក្នុងគោលបំណងប្រព្រឹត្តការសម្លាប់រង្គាលនៅតំបន់ហ្គាហ្សាស្ទី្រប។ ទន្ទឹមគ្នា អ្នកផ្តល់សេវាទូរគមនាគមន៍ប៉ាឡេស្ទីន Jawwal ក៏បានស្តីបន្ទោសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទឹកដីហ្គាហ្សា ទើបបង្កឱ្យដាច់ការផ្គត់ផ្គង់អគ្គិសនី។

សូមបញ្ជាក់ថា តំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានមើលឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពជើងគោកអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ខណៈដែលអ៊ីស្រាអែលបានជំរុញបេសកកម្មរបស់ខ្លួន ដើម្បី កម្ទេចក្រុមហាម៉ាស បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយលុកសម្លាប់មនុស្ស ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅក្នុងទឹកដីអ៊ីស្រាអែល។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានសងសឹកវិញ ជាមួយនឹងការទម្លាក់គ្រាប់បែកពីលើអាកាស ដោយក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា ឥឡូវនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៨.៥០០នាក់ ដែលពីរភាគបីនៃពួកគេ គឺជាស្ត្រី និងកុមារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner