ប្រជាពលរដ្ឋខណ្ឌជ្រោយចង្វារស្នើជាង១០ករណីឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ
ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌជ្រោយចង្វា ជាង១០នាក់ បាន ស្នើសុំឱ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់ របស់ ពួកគាត់។សំណូមពរនេះពាក់ព័ន្ធប្លង់កម្មសិទ្ធិដីធ្លី ,ការលិចលង់, ការសុំស្ថាបនាផ្លូវ ,វិវាទនៅក្នុងសាលា, ករណីបាត់គោនិងការសុំបង្គ្រាប ល្បែងស៊ីសងជាដើម។
សំណើរទាំង នេះបានធ្វើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះ យោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌ ជ្រោយចង្វា នាព្រឹកថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ពិធីប្រព្រឹត្តិទៅនៅក្នុងផ្សារ OCIC ខណ្ឌជ្រោយចង្វារ ។
រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូន ប្រជាពល រដ្ឋ នៅក្នុងវេទិកានេះ ត្រូវបានលោក ឃ្លាំង ហួត និងលោក ប្រធាន មន្ទីរ អប់រំ យុវជននិងកីឡារាជធានីភ្នំពេញធ្វើការស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ។
លោក ឃ្លាំង ហួត បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សារាជធានីព្រឹកនេះ មាន ពលរដ្ឋចូលរួម ចំនួន៥៣៩នាក់ (ស្រី ១៣៦នាក់),សំណើ ផ្ទាល់ មាត់ ចំនួន ១៤នាក់ ស្មេី ១៦ បញ្ហា និងជាលាយលក្ខណ៍ អក្សរចំនួន ២៦ច្បាប់ ។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ បានស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗ ដោយឱ្យអាជ្ញាធរខណ្ឌនិង មន្ទីរជំនាញពាក់ព័ន្ធចុះធ្វើការដោះស្រាយ ។ ចំពោះសំណើរសុំកសាង ហេដ្ឋាចរនាសម្ព័ន្ធខ្លះដែលត្រូវប្រើប្រាស់ថវិកាច្រើន លោកសូមឱ្យ បងប្អូនរងចាំសិន នៅពេលមានថវិកាគ្រប់គ្រាន់ ក្នុងនាមរដ្ឋបាលរា ជធានីភ្នំពេញនឹងកសាងជូនភ្លាម។ ដោយឡែកចំពោះ ការស្នើសុំបង្គ្រាប ល្បែងស៊ីសងនៅក្នុងភូមិ ករណីនេះលោកសូមឱ្យ កម្លាំងប៉ូលីសខណ្ឌ និងកងរាជអាវុធហត្ថត្រូវចុះបង្ក្រាបភ្លាមៗ ដើម្បីភាពសុខសាន្តជូន ប្រជាពលរដ្ឋ៕
ដោយ៖ ហេង សម្បត្តិ ,ថេត វិចិត្រ