ក្រសួងរៀបចំដែនដី បាននិងកំពុងជំរុញ ការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

(កំពង់ស្ពឺ)៖ ក្នុងកិច្ចប្រជុំពិភាក្សាលើការជំរុញការរៀបចំចុះបញ្ជីដីធ្លីបង្ហើយ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តទីពីរ បន្ទាប់ពីខេត្តកំពង់ចាម ក្នុងការរៀបចំការងារចុះបញ្ជីដីធ្លីបង្ហើយ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកម្លាំងសរុបដើម្បីសម្រេចការងារនេះឱ្យបានជោគជ័យតាមការគ្រោងទុកក្នុងអាណត្តិថ្មីនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈការិយាល័យមួយចំនួន សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ រួមមាន ឧបករណ៍វាស់វែង Sino Gnss និង Controler ចំនួន ២១ គ្រឿង កុំព្យូទ័រលើតុចំនួន ៣៦ កំផ្លេ ម៉ាស៊ីនព្រីនខ្នាតតូចចំនួន ១៧ គ្រឿង ម៉ាស៊ីនស្កេនចំនួន ២១ គ្រឿង ម៉ាស៊ីនថតចម្លងចំនួន ៦ គ្រឿង តុការិយាល័យចំនួន ៣១ គ្រឿង កៅអីការិយាល័យចំនួន ៣១ គ្រឿង និងម៉ូតូចំនួន ១២ គ្រឿង។

គួរបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” ។ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង ១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ការប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន និងធ្វើឱ្យក្រុមការងារចុះបញ្ជីដីធ្លី គ្រប់ប្រភេទ របស់ក្រសួង កាន់តែមានសុវត្តិភាព និងប្រកបដោយទំនុកចិត្តផងដែរ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព ក្រសួង

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner