សហរដ្ឋអាមេរិកចោទថា លោក ពូទីន ចង់ប្រើសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីកាត់បន្ថយការគាំទ្ររបស់លោកខាងលិចដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទាំងប្រមុខការពារជាតិ និងការបរទេសអាមេរិក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ជំរុញឱ្យសភារក្សាការគាំទ្រដល់អ៊ុយក្រែន និងបានព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់ប្រើសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីកាត់បន្ថយការគាំទ្ររបស់លោកខាងលិចដល់ទីក្រុងកៀវ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន ប្រាប់អង្គសវនាការព្រឹទ្ធសភា ស្តីពីសំណើផ្តល់មូលនិធិបន្ថែម យ៉ាងដូច្នេះថា ខ្ញុំអាចធានាអ្នកថា បើគ្មានការគាំទ្ររបស់យើងទេ លោក ពូទីន នឹងទទួលបានជោគជ័យ។ លោក អូស្ទីន បន្ថែមថា ប្រសិនបើយើងដកកម្រាលព្រំចេញពីក្រោមជើងពួកគេឥឡូវនេះ លោក ពូទីន នឹងកាន់តែរឹងមាំ ហើយគាត់នឹងទទួលបានជោគជ័យ ក្នុងការធ្វើអ្វីដែលគាត់ចង់ធ្វើ ដើម្បីទទួលបានទឹកដីអធិបតេយ្យភាពរបស់អ្នកជិតខាងគាត់។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន និយាយថា ការបញ្ឈប់ជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន អាចលើកទឹកចិត្តឱ្យប្រទេសផ្សេងទៀតធ្វើតាមរុស្ស៊ីដែរ។ លោក ប្លីងគែន បន្ថែមថា លោក ពូទីន កំពុងព្យាយាមទាញយកផលប្រយោជន៍ពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយសង្ឃឹមថា ជម្លោះនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកដកធនធានរបស់ខ្លួនមកវិញពីអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើឱ្យសភាទាំងពីររបស់សហរដ្ឋអាមេរិក ទម្លាក់កញ្ចប់ថវិកាប្រមាណ ១០៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល តៃវ៉ាន់ និងដោះស្រាយវិបត្តិជនអន្តោប្រវេសន៍នៅឯតំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិក។ កញ្ចប់ថវិកាខាងលើ មានគោលដៅបិទបញ្ចប់ភាពចម្រូងចម្រាសនៅក្នុងសភាអាមេរិក និងនាំអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងស្វែងរកកញ្ចប់ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន ឱ្យឯកភាពគ្នាជាមួយតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋដែលចង់បានកញ្ចប់ថវិកា សម្រាប់ការរឹតបន្តឹងការគ្រប់គ្រងតំបន់ព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner