អាជ្ញាធរខេត្តកែប ដាំកូនកោងកាងចំនួន​ ៦,០០០ដើម​ នៅឆ្នេរសហគមន៍នេសាទ​ភូមិថ្មី

អត្ថបទដោយ៖
CPA

កែប៖​អាជ្ញាធរខេត្តកែបបានដាំដើម​កូនកោងកាងចំនួន​ ៦ ០០០ ដើម​ នៅឆ្នេរសហគមន៍នេសាទ​ភូមិថ្មី​ ស្ថិតនៅក្រុងកែប​ ដើម្បីអប​អរសាទរ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​ វិច្ឆិកា​ ឆ្នាំ​២០២៣​ ក្រោម​ប្រធានបទ​ «ភូមិឋាន​ស្អាត​ បរិស្ថាន​ស្អាត​ សង្គមសន្តិភា​ព​ សេដ្ឋកិច្ច​រីកចម្រើន​» និងការការពារជីវៈចម្រុះ និងការពារប្រព័ន្ធអេកូឡូស៊ី។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា​ថា ការដាំកូនកោងកាងចំនួន ៦ ០០០ដើមនេះ​ គឺជាការដាំបន្ថែមនៅតាមបណ្តោយមាត់សមុទ្រនៃសហគមន៍នេសាទភូមិថ្មី តាមរយៈមន្ទីរបរិស្ថានខេត្ត ហើយនេះគឺជាការដាំលើកទី៤ របស់មន្ទីរ ក្នុងការបន្ថែមជម្រកបៃតងនៅសហគមន៍អេកូទេសចរណ៍មួយនេះ។

ឯកឧត្តមបានថ្លែងថា ព្រៃកោងកាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ដោយស្រូ​បយកនូវឧស្ម័នកាបូនិច និងជាតិពុលផ្សេងៗ ជួយការពារខ្យល់ព្យុះ ការពារភាពសឹករិចរិល ទប់ស្កាត់ការហូរច្រោះបាក់ដីច្រាំងសមុទ្រ និងផ្តល់ជម្រកយ៉ាងរឹងមាំដល់ពពួកមច្ឆសមុទ្របន្តពូជ។

លោកបានសម្តែងការព្រួយបារម្ភថា ការបាត់បង់នូវធនធានទាំងនេះនឹងនាំមកនូវការបាត់បង់ទីជម្រកសត្វពង ប្រភពអា​ហារសមុទ្រ ដែលធ្វើឱ្យថយចុះទិន្នផលនេសាទ និងរុក្ខជាតិសមុទ្រ និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខុមាលរបស់មនុស្ស និងសេ​ដ្ឋកិច្ចជាតិ។ការដាំកូនកោងកាងនេះ ក៏ជាការពញ្ញាក់ស្មារតីប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន និងជីវៈចម្រុះ នៅតំបន់សមុទ្រ ឱ្យមានភាពស្រស់បំព្រងសម្រាប់ធ្វើការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្ត ។

ប្រភព​ហ្វេសប៊ុកមន្ទីរបរិស្ថានខេត្តកែបក្នុងឱកាសនៃការ​ដំាកូនកោងកាង កាលពីថ្ងៃទី ៣១ ខែតុលា ​លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប​ បានឱ្យដឹងថា កន្លងមកមន្ទីរបរិស្ថាន ក្រោមការដឹកនាំរបស់អភិបាលខេត្ត បានធ្វើយុទ្ធនាការដាំ​កូនកោងកាងចំនួន៣លើកមកហើយក្នុងឆ្នាំ២០២២ ដែលមានកូនកោងកាងសរុបដែលបានដាំចំនួន ១២ ០០០ដើម នៅ​សហគមន៍នេសាទភូមិថ្មីនេះ។

លោកលើកឡើង​ ដោយឡែកក្នុងឆ្នាំ២០២៣នេះ មន្ទីរបរិស្ថានបានផ្ដល់កូនឈើប្រណិត ដល់សាលារៀន វត្តអារាម មន្ទីរអ​ង្គ​ភាពចំណុះរដ្ឋបាលខេត្ត និងសហគមន៍ចំនួន ១ ៥០០ដើម និងបានសហការជាមួយរដ្ឋបាលក្រុងកែប ក្រុមហ៊ុនដៃគូបា​នដាំកូនឈើប្រណិត និងឈើហូបផ្លែចំនួន ៥៥០ ដើម នៅទីលានទុកដាក់សំរាម និងកំពុងបន្តរៀបចំថ្នាលបណ្តុះកូនឈើប​ន្ថែមទៀត។

សូម​ជម្រាបថា ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការថ្មីមួយទៀតគឺ យុទ្ធនាការដាំដើមឈើឱ្យបានយ៉ាងតិច ១ លានដើមជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១០ខែតុលាឆ្នាំ​២០២៣តទៅ​។តាមរយៈយុទ្ធនាការនេះ​ដែរ រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្ទីរបរិស្ថានរាជធានីខេត្តចូលរួមបណ្តុះ​កូនឈើ ហើយចែកជូនដល់ប្រជាសហគមន៍យ៉ាងហោចណាស់ឱ្យបាន១០ម៉ឺនដើមក្នុងមួយឆ្នាំដើម្បីចូលរួមក្នុងយុទ្ធ​នា​ការដាំដើមឈើនេះ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ស្តារព្រៃឈើ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner