កម្មកររោងចក្របង់ក្លាដែសរាប់ពាន់នាក់ ធ្វើបាតុកម្មទាមទារការតម្លើងប្រាក់បៀវត្ស
ដាកា៖ កម្មករបង់ក្លាដែសរាប់ពាន់នាក់ នៅថ្ងៃអង្គារសប្តាហ៍នេះ បានធ្វើការបិទផ្លូវធំៗនៅក្នុងរដ្ឋធានីដាកា ដើម្បីទាមទារដំឡើងប្រាក់បៀវត្ស ចំពោះសម្លៀកបំពាក់ដែលដេរបាន សម្រាប់ម៉ាកល្បីៗរបស់ប្រទេសលោកខាងលិច។

អ្នកនាង Sabina Begum ដែលចូលរួមក្នុងការតវ៉ានេះ និយាយថា នាងចូលរួមក្នុងការតវ៉ា ដោយសារប្រាក់ឈ្នួលដែលទទួលបានសព្វថ្ងៃ ពុំអាចទិញនំប៉័ង និងបឺរបានឡើយ កុំថាឡើយផ្គត់ផ្គង់នូវជីវភាពគ្រួសារទាំងមូល។ មន្ដ្រីប៉ូលិសបញ្ជាក់ថា យ៉ាងហោចណាស់មានកម្មករប្រមាណ ៥,០០០នាក់ ដែលទាមទារតម្លើងប្រាក់បៀវត្សពី ៧៥ដុល្លារក្នុងមួយខែ មកកាន់ ២០៨ដុល្លារក្នុងមួយខែ។

យ៉ាងណាមិញ សមាគមអ្នកផលិតដ៏មានឥទ្ធិពលរបស់ប្រទេសបង់ក្លាដែស បានផ្តល់ឱ្យកម្មករនូវការដំឡើងប្រាក់ឈ្នួល ២៥% ដោយមិនអើពើនឹងសំណើទាមទារដំឡើងប្រាក់បៀវត្សជិតកើនឡើងគុណនឹងបី នៃប្រាក់ខែគោលរបស់បុគ្គលិកនីមួយៗ។

គួរបញ្ជាក់ថា បង់ក្លាដែសមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៣,៥០០កន្លែង ដែលគ្របដណ្ដប់ ៨៥% ឬស្មើនឹងចំនួនទឹកប្រាក់សរុបប្រមាណ ៥៥ពាន់លានដុល្លារនៃការនាំចេញសម្លៀកបំពាក់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីខាងត្បូង។ ក្រុមហ៊ុនល្បីៗជាច្រើនរបស់ប្រទេសលោកខាងលិច ដូចជាក្រុមហ៊ុន Adidas, Gap, H&M, និង Levi Strauss ជាឈ្មួញនាំចេញសម្លៀកបំពាក់ពីបង់ក្លាដែស។ យ៉ាងណាមិញ កម្មករជាង ៤លាននាក់កំពុងប្រឈមនឹងលក្ខខណ្ឌការងារមិនសមប្រកប ក៏ដូចជាប្រាក់ឈ្នួលទាប៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍