វិស័យផលិតកម្មចិនធ្លាក់​ចុះ ខណៈដែលសន្ទុះ​សេដ្ឋកិច្ចប្រឹងងើបឡើង

ប៉េកាំង៖ នៅក្នុងខែតុលានេះកន្លងទៅវិស័យផលិតកម្មរបស់ប្រទេសចិនបានធ្លាក់ចុះដោយមិននឹកស្មានដល់ ដែលធ្វើឱ្យក្តីសង្ឃឹមនៃកំ​ណើ​នសេដ្ឋកិច្ចក្នុងប្រទេសមហាអំណាចទីពីររបស់ពិភពលោកនេះ បានធ្លាក់ចុះបន្ថែមទៀត។ យោងតាមសន្ទស្សន៍គ្រ​ប់គ្រងការទិញជាផ្លូវការ(PMI) សម្រាប់ខែនេះ(តុលា)គឺ ៤៩,៥ ដែលតួលេខនេះទាបជាងការព្យាករ ហើយធ្លាក់ចុះពីខែកញ្ញាដែលមានចំនួន ៥០,២។ គួរដឹងដែរថា កាលណាតួលេខសន្ទស្សន៍គ្រប់គ្រងការទិញនេះស្ថិតនៅក្រោម ៥០ នោះ​វាមានន័យថា វិស័យផលិតកម្មមា​នការធ្លាក់ចុះ។​

ការ​ធ្លាក់​ចុះ​នេះជាដំណើរផ្ទុយទៅនឹងសេដ្ឋកិច្ចចិនទាំងមូល ដែលបានងើបឡើងវិញបន្តិច​កាល​ពី​ខែ​មុន។ ការធ្លាក់ចុះនេះផងដែរ ក៏បានដាក់បន្ទុកបន្ថែមទៀតទៅលើអ្នក​ធ្វើ​គោល​នយោបាយដែលពួកគេកំពុងប្រឈមមុខនឹងសម្ពាធដែលត្រូវដោះស្រាយនៅក្នុងដៃ នោះគឺបញ្ហានៃការធ្លាក់ចុះវិស័យអចលនទ្រព្យនៅប្រទេសចិន។​

យ៉ាងណាក៏ដោយ បន្ទាប់ពីត្រីមាសទី៣បានបង្ហាញពីកំណើនសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលដែលមានចំនួន ៤,៩ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) មនុស្សជាច្រើនបានមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងមានភាពប្រសើរឡើង។ នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​បន្ទាប់សេដ្ឋកិច្ចរបស់ចិនបានទទួលរងនូវវិបត្តិធ្ងន់ធ្ងរអំឡុងពេល និងក្រោយ​ជំងឺ​រាតត្បាត​កូវីដ១៩។​

លោក ជូលាន អ៊ីវ៉ាន ព្រីឆាដ (Julian Evans-Pritchard) ប្រធានផ្នែកសេដ្ឋកិច្ចចិននៅក្រុមហ៊ុន Capital Economics បានកត់សម្គាល់ថា ៖ «អ្វីៗកំពុងប្រសើរឡើង ប៉ុន្តែបែបជាអាក្រក់វិញនៅពេលមានការចេញផ្សាយទិន្នន័យចុងក្រោយនេះ»។ លោកបានចង្អុលបង្ហាញថា «ប្រសិនបើយើងមិននិយាយពីរយៈពេលនៃការបិទខ្ទប់ដោ​យសារកូវីដ១៩ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច នោះស្ថានភាពបច្ចុប្បន្នពិតជាអាក្រក់ណាស់។ ជាក់ស្ដែង ធុរកិច្ចក្នុងវិស័យផ្តល់សេវាកម្មគឺមិនរីកចម្រើនច្រើននោះទេ។ នេះមិនមែនជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចទាំងមូលនោះ​ទេ»។​

កាលពីថ្ងៃអង្គារ សន្ទស្សន៍គ្រប់គ្រងការទិញរបស់វិស័យមិនមែនផលិតកម្មគឺ ៥០,៦។ តួលេខនេះកំពុងបង្ហាញពីកំ​ណើនបានខ្លះ ប៉ុន្តែក្នុងអត្រាយឺតណាស់បើធៀបនឹងដើមឆ្នាំនេះ។ អ្នកសេដ្ឋកិច្ចជាច្រើនដែលត្រូវបានស្ទង់មតិដោយសារព័ត៌មាន Bloomberg បានរំពឹងថាតួលេខនេះនឹងកើនដល់ ៥២ ខណៈដែលនៅក្នុងខែកញ្ញាមានចំនួន ៥១,៧។​

លោក រ៉ូបឺត ខាណឺល (Robert Carnell) ប្រធានផ្នែកស្រាវជ្រាវអាស៊ីប៉ាស៊ីហ្វិកនៅវិទ្យាស្ថានហិរញ្ញវត្ថុ ING បានលើកឡើងនៅក្នុងកំណត់ត្រាមួយថា «តួលេខសន្ទស្សន៍គ្រប់គ្រងការទិញនេះ គឺគ្រាន់តែជាការភ្ញាក់ផ្អើលតូចមួយប៉ុណ្ណោះ»។ លោកបានបង្ហាញថា សេដ្ឋកិច្ចនៅតែប្រឈមមុខនឹងការលំបាក បើទោះបីជាតួលេខផលិតផលក្នុងស្រុកសរុបថ្មីៗនេះមានការកើនឡើងក៏ដោយ។

គួរដឹងដែរថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ដំណើរ​ការ​ល្អ​ប្រសើរ​ជាង​មុន ដោយ​បង្ហាញ​សញ្ញា​នៃ​កំណើន​កាន់​តែ​ច្រើន។ ផលិតផលក្នុងស្រុកសរុបបានកើនឡើង ១,៣ភាគរយ បើធៀបទៅនឹងត្រីមាសមុន ហើយតួលេខនេះមានភាពប្រសើរជាងអត្រាកំណើនត្រឹមតែ ០,៥ភាគរយ ប៉ុណ្ណោះនៅចន្លោះចាប់ពីខែមេសា ដល់ខែមិថុនា។​

នៅក្នុងខែកញ្ញា សន្ទស្សន៍គ្រប់គ្រងការទិញរបស់វិស័យផលិតកម្មរបស់ប្រទេសចិនបានឡើងខ្ពស់ជាង ៥០ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលប្រាំខែមុន។ ការធ្លាក់ចុះនេះគឺជាការខកចិត្តមួយដោយសារតែប្រជាជនចិនបានសង្ឃឹមថាសេដ្ឋកិច្ចចិននឹងមានភាពរឹងមាំជាងនេះ បន្ទាប់ពីវិធានការរឹតបន្តឹងជំងឺរាតត្បាតកូវីដ១៩ ត្រូវបានដកចេញនៅក្នុងខែមករា។​

រដ្ឋាភិបាលចិនមានគោលដៅធ្វើយ៉ាងណាឱ្យប្រទេសចិនអាចទទួលបានកំណើនសេដ្ឋកិច្ច ៥ភាគរយ នៅក្នុងឆ្នាំ២០២៣ នេះ ដែលជាគោលដៅទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ យ៉ាងណាមិញ ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យចិនដ៏ធំមួយឈ្មោះថា Country Garden បានជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយមិនអាចមានលទ្ធភាពសងបំណុលដែលជំពាក់ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីនៅបរទេសបាន។​

ម៉្យាងវិញទៀត ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុនអចលនទ្រព្យ Evergrande ដែលមានបំណងដោះស្រាយបញ្ហារបស់ខ្លួនតាំងពីពីរឆ្នាំមុន ត្រូវបានបញ្ឈប់ដោយសារតែមានការកំណត់បទប្បញ្ញត្តិតឹងរ៉ឹងពេក។ លើសពីនេះ នៅថ្ងៃពុធនេះ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលមានឈ្មោះថា ខាយស៊ីន (Caixin) នឹងចេញផ្សាយទិន្នន័យសំខាន់ៗអំពីវិស័យផលិតកម្ម និងវិស័យមិនមែនផលិតកម្មនៅប្រទេសចិន។ ទិន្នន័យនេះនឹងជួយឱ្យយើងអាចដឹងពីស្ថានភាពនៃសេដ្ឋកិច្ចចិនដែលកំពុងដំណើរការកាន់តែច្បាស់។​

ប្រសិនបើតួលេខផ្លូវការទាបជាងនេះ នោះនឹងជំរុញឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតពីរដ្ឋាភិបាលក្រុងប៉េកាំង។ ខណៈពេលនេះ អ្នកបង្កើតគោលនយោបាយបាននឹងកំពុងជួយសម្រុះសម្រួលឱ្យមានភាពងាយស្រួលក្នុងការខ្ចីប្រាក់ជាងមុន តាមរយៈការកាត់បន្ថយអត្រាការប្រាក់កម្ចីស្តង់ដារ និងបន្ធូរបន្ថយច្បាប់មួយចំនួនលើការទិញផ្ទះដើម្បីការពារកុំឱ្យតម្លៃកើនឡើងលឿនពេក៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Financial Times China’s factory activity contracts in blow to economic momentum

ads banner