មេបញ្ជាការសឹករងកំពង់ធំ៖ ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ គឺអាស្រ័យទាំងស្រុងទៅនឹង កត្ដា សុខសន្តិភាព ក្រោមការខិតខំរបស់អ្នកជំនាន់មុន
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងថា ការរីកចម្រើន របស់ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ គឺអាស្រ័យទាំង ស្រុងទៅនឹងកត្ដាសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការឯកភាពជាតិពេញលេញ ដោយសារការខិតខំ ប្រឹងប្រែងដឹកនាំបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា រួមនឹងអ្នកស្នេហាជាតិជំនាន់មុន ។ ជាក់ស្តែង នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានវត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ខ្វាត់ខ្វែង នៅទូទាំងប្រទេស ខណៈការអភវឌ្ឍនេះ នឹងរុងរឿងបន្តទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងដូច្នេះក្នុងឱកាសដែលបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្វពិធីអង្គកឋិនទានសាមគ្គី ដែលបានការចូលរួមចំណែកពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងថ្នាក់ដឹកនាំបណ្ដាមន្ទីរ ស្ថាប័ន អង្គភាពកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងក្រុមគ្រួសារ ដង្ហែទៅកាន់វត្តពុទ្ធរង្សី ហៅវត្តត្រពាំងព្រលិត ស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរដល់លោកយាយ លោកតា និងពុទ្ធបរិស័ទទាំងអស់ ចង់ចាំថា ការប្រារព្វពិធីអង្គកឋិនទាននេះ បានធ្វើឡើងតាមគន្លងនៃព្រះពុទ្ធសាសនា តាំងតែពីដូនតាមក ដោយប្រជាពលរដ្ឋខ្មែរ ដែលគោរពប្រនិបត្តិសាសនាព្រះពុទ្ធ បានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ គឺក្នុងគោលបំណងប្រមូលបច្ច័យរួមគ្នាពីពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាចូលរួមចាប់កុសល់ផលបុណ្យតាមសណ្តានចិត្ត ដើម្បីនាំយកបច្ច័យមកកសាងសមិទ្ធិផលនានាក្នុងទីវត្តអារាម តាមទំនាមទំលាប់ប្រពៃណីរៀងមក ។
ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត និងលោកជំទាវ លោកលោកស្រី សម្បុរសជន ដែលបានមកចូលរួម ចាប់មាឃផលក្នុងពិធីអង្គកៈឋិនទាននេះ ៕
ដោយ ប៊ុន រដ្ឋា